ភ្នំពេញៈ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សេង លាង ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃសនាំខ្លួនជនត្រូវចោទឈ្មោះ ជួប សម្លាប់ មកសាកសួរបន្ថែមជាលើកទី២ ពាក់ព័ន្ធនឹងសំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងមក។
បើយោងតាមលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា “ចៅក្រមសើបសួរបានសួរចម្លើយបន្ថែមទៅលើជនត្រូវចោទឈ្មោះ ជួប សម្លាប់ និងពិនិត្យទៅលើភស្តុតាងនានា ហើយនឹងបន្តចំណាត់ការសើបសួរនៅក្នុងរឿងក្តីនេះ”។
ជនត្រូវចោទឈ្មោះ ជួប សម្លាប់ ត្រូវបាន លោក សេង លាង ចៅក្រមសើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត យោងតាមមាត្រា ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ លោក សេង លាង ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃសនាំខ្លួនជនត្រូវចោទឈ្មោះ ជួប សម្លាប់ មកសាកសួរបន្ថែមម្តងរួចមកហើយ ពាក់ព័ន្ធនឹងសំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
គួររំលឹកថា ជនត្រូវចោទឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕
https://youtu.be/qrXKFJGA7zY
មតិយោបល់