ប្រទេសថៃៈ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៤នាក់ដែរ ដែលរងរបួសធ្ងន់ នៅក្នុងករណីធ្លាក់ឧទ្ធម្ភាកចក្រនៅក្នុងប្រទេសថៃ ខណៈដែលគេ កំពុងចុះចត ដើម្បីទទួលយកថ្នាក់ដឹកនាំ ក្នុងការចុះបំពេញការងារ ហើយត្រូវឧទ្ធម្ភាកចក្រនោះក្រឡាប់ ផ្កាប់ផ្ងារបោកទៅនឹងដីព្រមទាំងបានផ្ទុះឡើងតែម្តង ។
យោងតាមរបាយការណ៍ពីក្នុងប្រទេសថៃបានឲ្យដឹងថា សម្លេងផ្ទុះមួយបានលាន់ឮឡើងយ៉ាងកងរំពង ព្រមទាំងមានផ្សែងភ្លើងឆាបឆេះឡើងខ្មួលខ្មាញ់ផងនោះ បានកើតឡើងនៅវេលាម៉ោង ៨ និង២០ នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុច ព្រលានមួយកន្លែង ស្ថិតក្នុងខេត្តនរ៉ាធីវ៉ាត ប្រទេសថៃ ។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា នៅមុនពេលកើតហេតុគឺឧទ្ធម្ភាកចក្ររបស់កងទ័ពជើងគោក នេះ បានហោះហើរមកពី តាំណាក់ ថាក់ស៊ីន ហើយបានចុះចត ដើម្បីទទួលយកថ្នាក់ដឹកនាំមួយចំនួន ហើយក៏ប្រុងបន្តដំណើរទៅកាន់ស្រុកចាក់ណេៈ ខេត្ត នរ៉ាធីវ៉ាត ។ នៅពេលនោះដែរ ឧទ្ធម្ភាកចក្រកំពុងចុះដល់ដី ទៅហើយនោះ ស្រាប់តែចាប់ផ្តើមវិលក្រឡាប់ចាក់ពេញលើដី ហើយក៏បានផ្ទុះឡើងធ្វើឲ្យអណ្តាតភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង រហូតបណ្តាលឲ្យមនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់ ប៉ុន្តែមិនបាន ប៉ះពាល់ដល់អាយុជីវិតនោះទេ ក្នុងនោះមនុស្ស២នាក់ជាអ្នកបើកបរ និង២នាក់ទៀតគឺជាក្រុមបច្ចេកទេស ខាងគ្រឿងម៉ាស៊ីន ។ នេះគឺជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ព្រោះថ្នាក់ដឹកនាំ មិនទាន់បានឡើងទៅលើឧទ្ធម្ភាកចក្រនោះនៅឡើយទេ ដោយលោករង់ចាំឲ្យគេចុះចត ស្រួលបួលសិន ហើយក៏ស្រាប់តែហេតុការណ៍បានកើតឡើងតែម្តង ។
បច្ចុប្បន្ន ជនរងគ្រោះទាំង៤នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តនរ៉ាធីវ៉ាត ព្រមទាំង មានអការៈធូរស្រាលខ្លះហើយ ៕
មតិយោបល់