ព្រះសីហនុៈ លោក វរសេនីយ៍ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង បើកបរដោយជនជាតិចិន ជាបុគ្គលិករបស់កាស៊ីណូលើភ្នំ ស្រវឹងជោគជាំបានបើករថយន្តទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន២នាក់របួស និងម៉ូតូ៩គ្រឿង រថយន្ត១គ្រឿង រងការខូចខាត។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវ៧មករា ជិតភោជនីយដ្ឋានសួនសុបិន្ត ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើនេះម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ បើកបរដោយ ជនជាតិចិន ឈ្មោះ លី សៀវម៉ីង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូលើភ្នំ (មានកម្រិតជាតិអាល់កុល 0,60mlg\L) ចេញពីផឹកស៊ីនៅខារ៉ាអូខេ នគរសំរិទ្ធ លុះដល់ចំណុចខាងលើក៏បានបុកចូលផ្ទះប្រជាពលរដ្ឋ ខូចខាតម៉ូតូចំនួន៩គ្រឿង រថយន្ត១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
ក្នុងនោះក៏បានបណ្តាលឲ្យមនុស្ស២នាក់ រងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកចាក់អង្រែ។ ចំណែកអ្នកបើកបររថយន្ត សមត្ថកិច្ចជំនាញបាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ចំណែកវត្ថុតាងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់