ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៨ និង១៥យប់ មានខ្យល់ និងភ្លៀងខ្លាំង បណ្តាលឲ្យដាច់ចរន្តលើទ្វារចរន្តF15 ដែលផ្គត់ផ្គង់ទៅកាន់ស្រុកតំបែរ ឆ្លូង ខេត្តក្រចេះ ព្រៃវែង និងស្វាយរៀង ដោយពុំដឹងពីមូលហេតុ ហើយក្រុមយាមប្រចាំការអគ្គិសនីកំពង់ចាម សហការជាមួយស្នាក់ការតំបែរ បានកំពុងចុះត្រួតពិនិត្យ និងបានភ្ជាប់ភ្លើងជូនអតិថិជនប្រើប្រាស់វិញបានត្រឹមចំណុចAVR ប្រធាតុ នៅម៉ោង ០៩ និង៣១នាទីយប់នេះ។
ដោយឡែកចាប់ពីស្រុកតំបែរ រហូតដល់ខេត្តក្រចេះ និងចាប់ពីចំណុចនាឡិកាស្ទង់លក់ថាមពលឲ្យអគ្គិសនីព្រៃវែង និងស្វាយរៀង ភ្ជាប់ភ្លើងមិនទាន់បាននៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហាអគ្គិសនីនេះដែរ នៅឯខេត្តស្ទឺងត្រែងវិញ អគ្គិសនីកម្ពុជាប្រចាំខេត្តនេះបានជូនដំណឹងថា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងខេត្តតែម្តង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក ដល់ម៉ោង ១១ព្រឹក លើកលែងតែក្នុងក្រុងស្ទឹងត្រែងមានភ្លើងប្រើប្រាស់នៅតំបន់មួយចំនួនតែប៉ុណ្ណោះតាមកម្លាំងម៉ាស៊ីនភ្លើងបម្រុងជាក់ស្តែង។
ការផ្អាកការផ្គត់ផ្គង់អគ្គិសនីទូទាំងខេត្តស្ទឹងត្រែងនេះ គឺដោយសារធ្វើការផ្លាស់ប្តូរបរិក្ខារអគ្គិសនីជាមួយភាគីឡាវ នៅច្រកព្រំដែន ត្រពាំងត្រៀល៕
មតិយោបល់