ភ្នំពេញៈ រថយន្តពន្លត់អគ្គិភ័យខណ្ឌទួលគោកបានចេញអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានផ្សែងហុយចេញពីក្នុងហាក់ដូចជា ឆ្លងចរន្តអគ្គិសនី ចេញពីក្នុងផ្ទះ ខណៈដែលម្ចាស់ផ្ទះមិននៅ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២D ផ្លូវ២៥៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះកើតហេតុ គឺម្ចាស់ផ្ទះជួលឲ្យក្មេងៗជានិស្សិត ហើយបានដាក់កម្ដៅសម្ល ទុកចោល ក៏នាំគ្នាទៅរៀនអស់។ ដូច្នេះកម្ដៅយូរពេកក៏ឆេះខ្លោច បង្កឲ្យមានផ្សែង ហុយចេញមកខាងក្រោយ ទើបប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចតែម្ដងទៅ ដើម្បីទប់ស្កាត់កុំមានការឆាប់ឆេះខ្លាំងឡើង ពេលនោះ កម្លាំងជំនាញខាងរថយន្តពន្លត់អគ្គិភ័យបានចេញជួយអន្តរាគមន៍ភ្លាមៗ ហើយប្រជាពលរដ្ឋក៏បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ឲ្យរលត់ទាន់ពេលវេលាផងដែរ។
ជាចុងក្រោយកម្លាំងនគរបាលក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្អូននិស្សិត ត្រូវយលចិត្តទុកដាក់នៅបញ្ហានេះ ជាចម្បងជៀសវាងការធ្វែសប្រហែស ជាក់ស្ដែងដូចករណីនេះ៕
https://youtu.be/stYYho73yBs
មតិយោបល់