មណ្ឌលគិរីៈ ដំរីមួយក្បាលចុះប្រេង បានដេញវ័ធ និងជាន់ម្ចាស់ខ្លួនឯងធ្លាយពោះវៀនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយគ្មានអ្នកណាម្នាក់ ហ៊ានចូលសង្គ្រោះនោះឡើយ ដោយសារដំរីស្រុកមួយក្បាលនេះកំពុងចុះប្រេង យាយីដល់មនុស្ស ។
ករណីនេះ បានកើតឡើង បានកើតឡើងវេលាម៉ោង១ និង១០នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរ អូរទេ ឃុំ ស្រែ អំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ផ្លូវទៅកាន់រមណីដ្ឋានទឹកជ្រោះប៊ូស្រា។
អាជ្ញាធរស្រុកពេជ្រាដា បានឲ្យដឹងថា ម្ចាស់ដំរី ត្រូវបានស្លាប់ដោយសារសត្វដំរីរបស់ខ្លួនចុះប្រេង ដេញវ័ធ និងជល់ម្ចាស់ ធ្លាយពោះវៀនបណ្តាលឲ្យស្លាប់ភ្លាមៗ ដោយមិនបានជួយសង្គ្រោះ។ លោក នួន សារ៉ន បានឲ្យដឹងថា ម្ចាស់ដំរីរងគ្រោះស្លាប់ក្នុងហេតុការណ៍នោះឈ្មោះ ម៉ឹប ស្រេង ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិព្នង រស់នៅភូមិ ពូលូង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកអភិបាលស្រុក បានបន្ត នៅរសៀថ្ងៃនេះ សមត្ថកិច្ចកំពុងធ្វើការយាមកាមយ៉ាងតឹងរ៉ឹងនៅតាមដងផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា ព្រោះខ្លាចសត្វដំរីស្រុកកំពុងចុះប្រេងបង្កគ្រោះថ្នាក់ដល់អ្នកស្រុកនិងបងប្អូនអ្នកធ្វើដំណើរ។ ហើយកម្លាំងសមត្ថកិច្ច ក៏នៅទីនោះការពារសុវត្ថិភាព និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងអ្នកទេសចរផងដែរ។
នេះចាត់ទុកជាការជូនដំណឹងដល់ប្រជាពលរដ្ឋ រួមនឹងភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅរមណីដ្ឋានទឹកជ្រោះប៊ូស្រាខាងលើនេះ ឲ្យមានការប្រុងប្រយត្ន័ ។
ចំណែកព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕
មតិយោបល់