ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្ដាច់ភ្លើង២ខណ្ឌ ដល់ម៉ោង១២ថ្ងៃត្រង់

ភ្នំពេញ: អគ្គិសនីកម្ពុជា បានធ្វើការផ្ដាច់ភ្លើងនៅក្នុងខណ្ឌចំនួន២ រួមមានខណ្ឌជ្រោយចង្វា និងខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដោយសារមានបញ្ហាកំហូចខ្សែកាបបណ្ដាញ និងការផ្លាស់ប្ដូរត្រង់ស្វូរម៉ាទ័រ។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅមុននេះបន្តិច។

តាមការជូនដំណឹង នៅវេលាម៉ោង៩៖២១នាទីព្រឹកនេះ អគ្គិសនីកម្ពុជា បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១ (GS1-F7) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅ (១) ផ្លូវជាតិលេខ៦អា ភូមិកៀនឃ្លាំង ភូមិទំនប់ខ្មែរ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប (២)ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ មូលហេតុដោយសារមានកំហូចកាបខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។

ដោយឡែក នៅវេលាម៉ោង៩៖៤0នាទីព្រឹក អគ្គិសនីកម្ពុជា ក៏បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P015 ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរត្រង់ស្វូរម៉ាទ័រ។

ទោះជាយ៉ាងណា អគ្គិសនីកម្ពុជា បញ្ជាក់ថា អតិថិជនស្ថិតនៅក្នុងតំបន់ខាងលើ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១២៖០០នាទី ថ្ងៃត្រង់នេះ៕

EDC

មតិយោបល់