បន្ទាយមានជ័យ : ក្រុមអ្នករត់តាក់ស៊ីបានយករថយន្តជាង ១០គ្រឿង ចតបិទផ្លូវជាតិលេខ5 មុខទីតាំងគយចល័ត របស់ការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលមានទីតាំង នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពី ម៉ោងជិត១០ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីរថយន្តកាមរី១គ្រឿង ត្រូវមន្ត្រីជំនាញ ស្ទាក់ចាប់ ចោទថាដឹកគ្រឿងបន្លាស់គ្រឿងចក្រ គេចពន្ធជិត១តោន។
តាក់ស៊ីដែលគេយកទៅចតបិទផ្លូវភាគច្រើន គេឃើញមានបិទស្លាកថា “បណ្តាញតាក់ស៊ីសន្តិភាព,រួមគ្នាប្រឆាំងអំពើរពុករលួយ” នៅខាងមុខក្បាលរថយន្ត។ អ្នកបើកបរមិនបានផ្តល់បទសម្ភាសន៍ អ្វីដល់ក្រុមអ្នកយកព័ត៌មានទេ គឺពួកគេស្ថិតក្នុងរថយន្ត ដោយបិទកញ្ចក់ជិតតែម្តង។ ការចតរថយន្តបិទផ្លូវដំបូងបានធ្វើឲ្យរថយន្តឆ្លងកាត់កកស្ទះជាច្រើនគ្រឿងជិត ១ម៉ោងប៉ុន្តែត្រូវ សមត្ថកិច្ចចម្រុះរិះរកវិធីមានទាំងនាំគ្នាលើករថយន្តមានទាំងការសម្របសម្រួល ដើម្បីឲ្យអ្នកតវ៉ា យករថយន្តចេញទៅចត តាមចិញ្ចើមផ្លូវវិញបញ្ចៀសការកកស្ទះចរាចណ៍។
លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រាប់នៅកន្លែងកើតហេតុថា កាលពីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ មន្ត្រីជំនាញគយចល័ត របស់លោកបានស្ទាក់ចាប់ រថយន្តកាមរី សេរីឆ្នាំ1995 ពណ៌ទឹកប្រាក់ ១គ្រឿងដឹកគ្រឿងបន្លាស់គ្រឿងចក្រកាយដីទម្ងន់ជិត1តោនជារបស់គេចពន្ធ។
លោកប្រធានការិយាល័យរូបនេះបន្តថា ក្រោយស្ទាក់ចាប់រថយន្តនោះ ខាងលោកបានបញ្ជូនទៅឲ្យសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យដើម្បីបន្តនិតិវិធីស្រាប់តែក្រុមអ្នករត់តាក់ស៊ីលើកគ្នាមកតវ៉ាសុំឲ្យមានការដោះលែងរថយន្តគ្នាគេទៅវិញ។
លោក ហ៊ុយ សុជាតិ លើកឡើងថា បច្ចុប្បន្នខាងលោកមានការយោគយល់ខ្លាំងណាស់តាក់ស៊ីដែលដឹកបន្លែផ្លែឈើមិនដែល ប៉ះពាល់ទេ។ យ៉ាងណាក៌ដោយក្រោយមានការសម្របសម្រួលគេឃើញអ្នកបើកបររថយន្តម្នាក់ដែលដឹកគ្រឿងបន្លាស់
គ្រឿងចក្រកាយដីត្រូវមន្ត្រីជំនាញចាប់រថយន្តនោះបានចូលជួបជាមួយ លោក ហ៊ុយ សុជាតិ ជាប្រធានការិយាល័យគយនិងរដ្ឋាករ និងមន្ត្រីក្រោមឱវាទមានទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីរកដំណោះស្រាយ។ អ្នកបើកបររថយន្តរូបនោះនិយាយថា ខ្លួនមិនដឹងថា គ្រឿងបន្លាស់គ្រឿងចក្រនោះជារបស់គេចពន្ធទេគឺខ្លួនគ្រាន់តែស៊ីឈ្នួលដឹកឲ្យគេដើម្បីបានប្រាក់ចិញ្ចឹមក្រុមគ្រួសារតែប៉ុណ្ណោះ។
មន្ត្រីជំនាញបានណែនាំឲ្យអ្នកបើកបរខាងលើប្រាប់ម្ចាស់គ្រឿងបន្លាស់ចូលខ្លួនទៅដោះស្រាយបំពេញកាតព្វកិច្ច ពន្ធជូនរដ្ឋ ហើយខាងជំនាញនិងជួយសម្របសម្រួលផងដែរបន្ទាប់មកក្រុមអ្នកតវ៉ាក៏បាននាំគ្នាត្រឡប់ទៅវិញអស់៕
មតិយោបល់