ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ ជួបអភិបាលរងក្រុង Tai’an ពិភាក្សាការងារលើវិស័យទេសចរណ៍

ភ្នំពេញៈ នៅក្នុងដំណើរអញ្ជើញទៅចូលរួមសន្និសិទ្ធ និងពិពណ៌ទេសចរណ៍ អន្តរជាតិ JATA Tourism Expo 2016 នៅទីក្រុង Tokyo នៅប្រទេស​ជប៉ុន ប៉ុន្តែនៅថ្ងៃពុធនេះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឈប់សំចតនៅទីក្រុងហុងកុង ដើម្បីជួបពិភាក្សាការងារជាមួយលោកស្រី Zhou Guiping អភិបាលរងក្រុង Tai’an (ប្រទេសចិន) ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងពេលជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ជាយុទ្ឋសាស្រ្តគ្រប់​ជ្រុង​ជ្រោយ កម្ពុជា-ចិន និងបានជម្រាបអំពីសភាពការណ៍ សន្តិសុខ ស្ថេរភាពនយោបាយនៅកម្ពុជា និងការត្រៀមរួចជាស្រេចរបស់កម្ពុជាក្នុងការទទួល​ទេសចរណ៍​ចិន(china ready)។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានសំដែងការគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគទីក្រុង Tai’an ដែលបាននិងកំពុងរៀបចំចូលរួមក្នុងគម្រោង​វិនិ​យោគ​ទេសចរណ៍ជាមួយក្រុមហ៊ុន UNION Development Group (តារាសាគរ) និង សំណូមពរឲ្យលោកស្រី ជួយបន្តជម្រុញអ្នកវិនិយោគនិងទេសចរ ចិនមកកម្ពុជាឲ្យ​បានច្រើន​។

ក្នុងជំនួបនោះភាគីទាំងពីរក៏បាន ឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសជម្រុញក្រុមអ្នកជំនួញនៅទីក្រុង Tai’an ឲ្យមកបណ្តាក់ ទុនរកស៊ីក៏ដូចជាទៅ​ទេស​ចរណ៍​កម្រាន្ត នៅប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបង្កើនទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រជាជននិងប្រទេសទាំង២ឲ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ថា សន្និសិទ្ឋ និងពិពណ៌ទេសចរណ៍អន្តរជាតិ JATA Tourism Expo 2016 ប្រព្រឹត្តិឡើងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នៅទី​ក្រុង Tokyo ប្រទេសជប៉ុន ៕

រដ្ឋមន្រ្តីទេសចរណ៍ រដ្ឋមន្រ្តីទេសចរណ៍

មតិយោបល់