ព័ត៌មានជាតិ

កូនយំននៀលដី ប្តីស្មានតែប្រពន្ធវ៉ៃ ដាក់៣-៤ដៃ ហើមភ្នែក

ភ្នំពេញៈ ស្រ្តីម្នាក់រត់ទៅប្តឹងសមត្ថកិច្ចទាំងទឹកភ្នែកហូររហាម បន្ទាប់ពីប្តី ប្រើកណ្តាប់ដៃវ៉ៃ បណ្ដាលឲ្យហើមមុខហើមមាត់ ដោយហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាប្រពន្ធឈ្មោះ លី ហ៊ាង អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ នៅផ្ទះស្នាក់ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប មានស្រុកកំណើតនៅខេត្តតាកែវ ។ ចំណែកប្តីឈ្មោះ ប៉ែន ពិសី អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ដើរតែផឹកស៊ី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ប្តីប្រពន្ធខាងលើ បានគ្នារហូតមានកូនប្រុសអាយុ៤ឆ្នាំម្នាក់ តែអត់មានខាន់ស្លា ក្រោយពីមានជម្លោះក្នុងគ្រួសារ រហូតឈានដល់លែងលះគ្នា៣ខែ មកហើយ តែពុំមានកិច្ចសន្យាជាលាយលក្ខអក្សរនោះទេ ហើយភាគីខាងប្រពន្ធ បង់លុយទៅឲ្យភាគីខាងប្តីចំនួន១៥០០ដុល្លារ ចំណែកកូនប្រុស ត្រូវបានភាគីខាងប្តីជាអ្នកចិញ្ចឹមបីបាច់ និងស្នាក់នៅ ក្បែរផ្ទះអតីតប្រពន្ធដដែល។

តាមសម្តីស្រ្តីខាងលើបានរៀបរាប់ថា ឲ្យគាត់ទទួលយកធ្វើជាប្តីម្តេចទៅ បើខ្លួនឯង អត់គិតខ្លួនថា មានប្រពន្ធផងហ្នឹង មួយថ្ងៃដើរតែផឹក ដើរតែស៊ីចាយ អត់ជួយការងារផ្ទះសម្បែង ដូចខ្លួនឯងនៅស្ទាវ ទើបទ្រាំលែងបាន ក៏លែងលះគ្នា តែម្ដង។ ស្រ្តីខាងលើបានបន្តថា ហើយជារឿងៗ ថ្វីត្បិតកូនប្រុសខាងប្តីជាអ្នកចិញ្ចឹមក៏ពិតមែន តែរាល់ថ្ងៃគាត់ឲ្យលុយកាក់ ទិញនំចំណីជាហូរហែរ មិនដាច់ចិត្តពីកូនឡើយ រហូតដល់ថ្ងៃកើតហេតុ បន្ទាប់ពីកូនប្រុសមកសុំលុយ១ពាន់រៀល ហើយគាត់ឲ្យដល់ទៅ៥ពាន់រៀល ហើយកូនក៏ដើរចេញទៅ តែមិនដឹងថាមានរឿងអ្វី ព្រោះគាត់រវល់លក់ដូរ ស្រាប់តែកូនយំននៀលដី លុះអតីតប្តីឃើញនឹកស្មានតែ ប្រពន្ធវ៉ៃកូន បែរជាស្ទុះទាំងសភាពស្រវឹង មកវ៉ៃគាត់ជាប្រពន្ធទៅវិញ ទោះជាគាត់ខំពន្យល់យ៉ាងណា ក៏មិនស្តាប់ ទីបំផុតឈឺពេញខ្លួន ហើយបានអ្នកជិតខាងជួយឃាត់។

ដោយសារទ្រាំនូវទង្វើរអតីតលោកប្តីមិនបាន ស្រ្តីរងគ្រោះរត់ទៅប្តឹងនគរបាលឲ្យជួយអន្តរគមន៍ តែត្រូវនគរបាលឲ្យស្រ្តីរងគ្រោះទៅប្តឹងខាងអាជ្ញាធរសង្កាត់កាកាបវិញ ក្នុងហេតុផលជម្លោះប្តីប្រពន្ធហើយរបួសក៏មិនធ្ងន់ធ្ងរដែរ។ ដោយឡែកអាជ្ញាធរសង្កាត់វិញ បន្ទាប់ពីស្រ្តីខាងលើមកប្តឹង ហើយឲ្យរង់ចាំហៅភាគីខាងប្តីមកសាកសួរជាក្រោយ៕

https://youtu.be/NmVJSwMeiIk

មតិយោបល់