ព័ត៌មានជាតិ

ឈ្មួញ​ដឹក​ឈើ​ដូច​ហែក​ឋិន​ សង្ស័យ​មេព្រៃ​ខេត្តសៀមរាប ​​ជាអ្នក​បើក​ដៃ​ឲ្យ​

សៀមរាបៈ ក្បួនរថយន្តកូរ៉េធំៗ របស់ឈ្មួញឈ្មោះ ធឹង លាងស្រេង កំពុងសម្រុកដឹកឈើចេញពីទឹកដីខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូនានា ក្នុងក្រុងសៀមរាប ឆ្លងកាត់ទីស្នាក់ការរដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ និងទីស្នាក់ការជាច្រើនទៀត បានយ៉ាងរលូន ដោយគេបានដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញ តាមដងផ្លូវនេះ ជាអ្នកបើកភ្លើងខៀវឲ្យ ។

តាមការឲ្យដឹងពី ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ របស់គេបាន ដឹកចេញពីដេប៉ូនៅស្រុកស្វាយលើ ដែលមាន យីហោ ធឹងលាងស្រេង មានទីតាំងនៅ ភូមិអង្កាញ់(ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។ សមត្ថកិច្ច បានឲ្យដឹងថា ក្បួនរថយន្ត ដឹកឈើ ខាងលើមានច្បាប់ចេញពី ដេប៉ូនៅ ស្រុកស្វាយលើ ដែលមានម្ចាស់ ឈ្មោះ ស្រេង ។

បើទោះបីជា មានការដឹកជញ្ជូនឈើ បែបទ្រង់ទ្រាយធំ ចូលមកចែកចាយ នៅក្រុងសៀមរាប យ៉ាងនេះក្ដី គេនៅមិនទាន់ឃើញអាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ ចេញមុខមកធ្វើការ ត្រួតពិនិត្យទៅលើ សកម្មភាពរថយន្តដឹកឈើ របស់ឈ្មោះ ស្រេង នៅឡើយទេ! ខណៈមាន ប្រភពខ្លះ បានទម្លាយថា ម្ចាស់រថយន្តដឹកឈើ បានរត់ការជាមួយស្ថាប័នពាក់ព័ន្ធ អស់ហើយ ។

បើតាមសំដីរបស់ប្រជាពលរដ្ឋគាត់ចង់ឃើញ សមត្ថកិច្ច និងអ្នកជំនាញពាក់ព័ន្ធ មកធ្វើការ ត្រួតពិនិត្យ នូវសកម្មភាព រថយន្តដឹកឈើ ខាងលើថាតើ មានច្បាប់គ្រប់គ្រាន់ ដែរឬទេ? ដូច្នេះសមត្ថកិច្ច គួរតែធ្វើការត្រួតពិនិត្យឡើងវិញ ដោយឈើខ្លះមានស្នាមអាដោយម៉ាស៊ីនអាចសង្ស័យថា ប្រមូលទិញពីឈើ ក្រៅក្រុមហ៊ុន ។

ប្រភពមួយទៀត បានទម្លាយថា ឈ្មួញឈើឈ្មោះធឹង លាងស្រេង និងលោក ពៅ បានរត់ការបង់លុយ តាមផ្លូវឲ្យសមត្ថកិច្ចរួចហើយ ។

ទាក់ទិនទៅនឹងការដឹកជញ្ជូនឈើនេះ ដែរលោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប មិនអាចទាក់ទងសុំការពន្យល់បានទេ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។

គួររំលឹកផងដែរថា សកម្មភាពដឹកជញ្ជូន និងកាប់បំផ្លាញឈើ នៅខេត្តសៀមរាប ត្រូវបានគេសង្កេតឃើញថា មានការកើនឡើងគួរឲ្យព្រួយបារម្ភ ខណៈអ្នកជំនាញរដ្ឋបាលព្រៃឈើ ខេត្តមួយនេះ ក្រោមការគ្រប់គ្រង ដោយលោក ទា គឹមសុទ្ធ ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានសម្ងំកើបលុយជាច្រើនឆ្នាំ មកហើយពោលគឺគ្មានឆន្ទៈ ក្នុងការបង្ក្រាបម្តងណាឡើយ ទើបបទល្មើសនេះចេះតែកើតមានដូចភ្លៀងរលឹម ៕

ឈ្មូញដឹកឈើ៣ ឈ្មូញដឹកឈើ១ ឈ្មូញដឹកឈើ

មតិយោបល់