ភ្នំពេញៈ នៅក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាព ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីរសៀលទី២០ ខែកញ្ញានេះ លោក ត្រឿង មីញតួន (Troung MInh Taun) រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៌នៃប្រទេសវៀតណាម បានជំរាបជូនថា ដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាននិងសារគមនាគមន៌វៀតណាម ជាមួយក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៌ ទូរគមនាគមន៌កម្ពុជាតែម្តង។
នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្រោយជំនួបទ្វេភាគីនេះ។
នៅក្នុងជំនួបនេះដែរ លោក ត្រឿង មីញតួន ក៏បានជំរាបជូនសម្តេចថា ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនច្រើន ជាពិសេសរាជធានីភ្នំពេញតែម្តង។ ជាងនេះទៀត លោក ត្រឿង មីញតួន បានបញ្ជាក់ថា លោក បានជួបជាមួយរដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៌ ទូរគមនាគមន៌កម្ពុជា ដោយភាគីនៃប្រទេសវៀតណាម និងកម្ពុជា បានពិភាក្សាគ្នានិងបានឯកភាពក្នុងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញ ទៅមក ជាពិសេសការជម្រុញលើកិច្ចការរួមគ្នាដែលថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ បានអនុម័តរួចមកហើយ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាម តាមរយៈជំនួបរវាងរដ្ឋមន្រ្តី នៃប្រទេសទាំងពីរនេះតែម្តង។ ទន្ទឹមនេះដែរ សម្តេចតេជោ ក៏បានផ្តល់អនុសាសន៌ចំនួន២សម្រាប់ក្រសួងនៃប្រទេសទាំងពីរគួរយកចិត្តទុកដាក់គឺ ទីមួយទៅលើបញ្ហាការផ្សាយជាន់ហ្វេ្រកង់គ្នា និងទីពីរ គឺធ្វើយ៉ាងណា ឲ្យការផ្សាយព័ត៌មាននៃប្រទេសទាំង២ ទទួលបាន ទំនុកចិត្តពីប្រជាជននិងសាធារណជនផងដែរ៕
មតិយោបល់