ព័ត៌មានជាតិ

អូស្រ្តាលីបានបន្ថែមរយៈពេលបិទខ្ទប់ប្រទេស បីថ្ងៃបន្ថែមទៀតនៅក្នុងទីក្រុង Brisbane

(Reuters)៖ – នៅថ្ងៃច័ន្ទនេះ​ មន្រ្តីអូស្រ្តាលីបានបន្ថែមរយៈពេលបិទខ្ទប់ប្រទេស បីថ្ងៃបន្ថែមទៀតនៅក្នុងទីក្រុង Brisbane និងតំបន់ជិតខាងមួយចំនួន ខណៈដែល​កងទ័ពរាប់រយនាក់បានចាប់ផ្តើមល្បាតនៅទីក្រុងស៊ីដនីដើម្បីជួយអនុវត្តច្បាប់បិទខ្ទប់ COVID-19 ។

ទីក្រុងស៊ីដនីដែលជាទីក្រុងធំបំផុតរបស់អូស្រ្តាលីស្ថិតនៅក្នុងសប្តាហ៍ទី ០៦ នៃការបិទខ្ទប់របស់ខ្លួន ​ ខណៈដែលខ្លួនកំពុងតស៊ូជាមួយនឹងការកើនឡើងនៃការឆ្លងបន្ថែមជិត ៣.៥០០ ករណី ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញទៅលើអ្នកបើកបររថយន្តទំនើបដែលដឹកក្រុមអាកាសចរណ៍បរទេស។

មន្រ្តីនៅ New South Wales ដែលស៊ីដនីគឺជារដ្ឋធានី បានអង្វរប្រជាជនឲ្យស្នាក់នៅផ្ទះដើម្បីការពារការកើនឡើងបន្ថែមទៀត និងនាំយកយោធាដើម្បីជួយនគរបាលក្នុងការអនុវត្តច្បាប់មួយចំនួន បន្ទាប់ពីប្រជាជនមួយចំនួនបានបំពានច្បាប់បិទខ្ទប់។

បុគ្គលិកកងទ័ពប្រហែល ៣០០ នាក់ ដែលគ្មានអាវុធ និងស្ថិតក្រោមបញ្ជារបស់នគរបាលនឹងចុះទៅដល់ផ្ទះប្រជាជនដើម្បីធានាថាអ្នកដែលបានធ្វើតេស្តិ៍វិជ្ជមានគឺនៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់ពួកគេ។

បន្ទាប់ពីមានការកើនឡើងជាលំដាប់នៃករណីថ្មី ច្បាប់បិទខ្ទប់នៅភាគអាគ្នេយ៍រដ្ឋ Queensland ដែលរួមបញ្ចូលទាំងទីក្រុង Brisbane នឹងមានសុពលភាពរហូតដល់ថ្ងៃអាទិត្យ ដោយសារមន្រ្តីបារម្ភថាអាចមានករណីដែលមិនទាន់បានរកឃើញនៅក្នុងសហគមន៍ និងជំរុញឲ្យប្រជាជនធ្វើតេស្ត។ ការរឹតត្បិតនឹងបញ្ចប់នៅល្ងាចថ្ងៃអង្គារ៍ ៕

 

មតិយោបល់