រតនគិរីៈ ក្រុមការងារចុះស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការដេញបង្ក្រាបរថយន្តដឹកឈើរថយន្តមួយគ្រឿងដែលបង្កប់ឈើប្រណិតខុសច្បាប់នៅលើដំបូករថយន្ត ពិសេសនោះគឺក្រុមឈ្មួញទាំងនេះបានដាក់ឈើខុសច្បាប់ទាំងនេះក្នុងកេះដើម្បីបន្លំភ្នែកសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស៣នាក់ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិគ្លិះ ឃុំសើង ស្រុកបកែវ ខេត្តរតនគីរី ។
កម្លាំងអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ គា ភឹម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តដឹកឈើ ស្នាក់នៅភូមិត្រពាំងចេក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ (ជាអ្នកបើករថយន្ត ) ។ ទី២ឈ្មោះ ចាន់ សុភាព ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះជួល ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង (ជាម្ចាស់ឈើ) ។ និងជនសង្ស័យទី៣មានឈ្មោះ មាស វិត ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត ភូមិត្រោក ឃុំគ្រោះ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ជាព្រូរថយន្ត )។
កម្លាំងមានសមត្ថកិច្ចបានបន្តឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបបានរថយន្តដឹកឈើខាងលើនេះ ក្រុមការងារចុះស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតប្រទះឃើញរថយន្តបទល្មើសម៉ាកហ៊ីយ៉ានដាយ (ត្រូពិច)ពណ៌ទឹកសមុទ្រ មួយគ្រឿង គ្មានស្លាកលេខ ធ្វើដំណើរឆ្លងកាត់ ទើបកម្លាំងមានសមត្ថកិច្ចបានបើកប្រតិបត្តិការណ៍ដេញបង្ក្រាបបានតែម្តង និងបានធ្វើការឃាត់ខ្លួនបានមនុស្សពាក់ពន្ធ័ចំនួន៣នាក់ និងឆែកឆេរដកហូតបាន ឈើប្រណិតជាច្រើនដុំផងដែរ ។
បច្ចុប្បន្ន មនុស្សទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ជំនាញរដ្ឋបាលព្រៃឈើខេត្តកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់