ពោធិ៍សាត់ៈ រហូតមកទល់នឹងរសៀលថ្ងៃទី២៤ កញ្ញា នេះ មនុស្សម្នាក់នៅតែបន្តបាត់ខ្លួន ខណៈអាជ្ញាធរមានសមត្ថកិច្ចខិតខំចំណាយពេលរាវរករាប់ម៉ោង បន្ទាប់ពីបាត់ខ្លួនកាលពីល្ងាចមិញ ដោយសារកាណូតបុកបង្គោលឡូត៍នេសាទ។
សមត្ថកិច្ចបានប្រាប់ថា បន្ទាប់ពីមនុស្សម្នាក់បានធ្លាក់ទឹក ក្រោយពីកាណូតបុកបង្គោលឡូត៍នេសាទ កាពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមុខកំពង់ឃ្នាស ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ហើយនោះ។
បុរសម្នាក់ដែលជាអ្នករួមដំណើរជាមួយនិងជាអ្នកបើកកាណូតផងនោះបានទៅប្ដឹងសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចក៏បានសហការចុះរាវរកតាំងពីព្រឹកព្រលឹមថ្ងៃ២៤ រហូតមកទល់និងពេលរសៀលនេះ នៅតែរកមិនឃើញ។
បើតាមជនរងគ្រោះឈ្មោះ ង្វៀង យ៉ាំង អឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួននិងមនុស្សម្នាក់ទៀតបានជិះកាណូតពីឆ្នុកទ្រូ មករកទិញកាណូតនៅឃុំកំពង់លួង លុះពេលត្រលប់ទៅវិញដល់ចំណុចកើតហេតុខាងលើ និងមើលផ្លូវមិនច្បាស់ផងនោះក៏បានបុកបង្គោលឡូត៍នេសាទ ពេលនោះបណ្តាលឲ្យមនុស្សម្នាក់ធ្លាក់ទឹកបាត់ខ្លួនរកមិនឃើញ៕
មតិយោបល់