ស្ទឹងត្រែងៈ ជនល្មើសដែលជាចោរលួចគោចំនួន៨ក្បាលរបស់អ្នកភូមិកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅរសៀលថ្ងៃដដែលត្រូវបានបានលាតត្រដាងនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងហើយ។
ជនល្មើសមានឈ្មោះ តឹក សុផល អាយុ៤២ឆ្នាំ រស់នៅខេត្តរតនៈគីរី។ នៅព្រឹកថ្ងៃកើតហេតុជនល្មើសបាន អះអាងក្នុងមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងថា រូបគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលដឹក សត្វ គោ ឲ្យគេពីខេត្តព្រះវិហារ ទៅ ខេត្តរតនៈគីរីតែប៉ុណ្ណោះ ប៉ុន្តែក្រោយពីមានសារព័ត៌មានចុះផ្សាយថា មានរថយន្តកូរ៉េដឹកសត្វ គោ ចេញពីខេត្តព្រះវិហារមួយគ្រឿងជួបគ្រោះថ្នាក់ចររាចរណ៍ពេលយប់នៅខេត្តស្ទឹងត្រែងរួចមក ស្រាប់តែព្រឹកឡើងបានបែកធ្លាយរឿងមួយថា មានសត្វ គោ របស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានបាត់នៅយប់ដែលជនល្មើសជួបគ្រោះថ្នាក់ចររាចរណ៍នោះតែម្តង ក្រោយមកទៀតនៅថ្ងៃដដែល សមត្ថកិច្ចបានបើកការស៊ើបអង្កេតទើបដឹងថា សត្វ គោ ទាំងអស់នោះគឺជាសត្វ គោ ដែលជនល្មើសបានដឹកចេញមកពីខេត្តព្រះវិហារពិតប្រាកដមែន។
លុះដល់ល្ងាចថ្ងៃ ខែ ឆ្នាំ ដដែល សមត្ថកិច្ចខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លួនតៃកុងរថយន្តកូរ៉េដឹកសត្វ គោ នៅក្នុងមន្ទីពេទ្យបង្អែកខេត្តក្រោយពីស៊ើបដឹងថា ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះគឺជាជនល្មើស ដែលសមត្ថកិច្ច និង ម្ចាស់ គោ កំពុងតាមរក។
ក្រោយការឃាត់ខ្លួនជនល្មើសរួចមក សមត្ថកិច្ចបាននាំខ្លួនពីមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីធ្វើការសួរនាំបន្ថែម ព្រមទាំងរៀបចំសុំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារវិញ នៅល្ងាចថ្ងៃដរដែលនេះផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៩ មានគ្រោះថ្នាក់មួយបានកើតឡើងរវាងរថយន្តពីរគ្រឿងប្រលះគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបាញ់ម្នាក់រងរបួសធ្ងន់ ម្នាក់ទៀតស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុត្រង់ចំណុច ផ្លូវកោង ជិតភោជណីដ្ឋានយីហោ(សារុំ៣)ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕
មតិយោបល់