ភ្នំពេញៈ ដើម្បីជួយសម្រាលដល់ផលលំបាករបស់ប្រជាកសិករខ្មែរ ក្នុងអំឡុងពេលតម្លៃស្រូវអង្ករជួបបញ្ហាតម្លៃធ្លាក់ចុះ និងរួមចំណែកជាមួយរដ្ឋាភិបាលនោះក្រុមហ៊ុន UK CONDO បានលក់អង្ករ ជូនប្រជាពលរដ្ឋក្រីក្រក្នុងតម្លៃថោក ដោយខាងតំណាងក្រុមហ៊ុនអះអាងថា មិនត្រឹមជួយដល់ប្រជាកសិកកំពុងជួបបញ្ហាទេ ប៉ុន្តែវាក៏ជាផ្នែមួយនៃកម្មវិធីមនុស្សធម៌ជួយដល់ពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញបានទិញអង្ករទៅបរិភោគថែមទៀត។
ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្រុមហ៊ុន UK CONDO ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ លោក ឌី រ៉ាដា នាយកប្រតិបត្តិក្រុមហ៊ុនUK CONDO បានឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញាថា ដើម្បីឆ្លើយតបដល់ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលនាកន្លងមកក្នុងការជួយប្រជាកសិកររបស់យើងក្នុងគ្រាជួបបញ្ហាលំបាកពីតម្លៃទីផ្សារនោះក្រុមហ៊ុនលោកបានទិញអង្ករពីប្រជាកសិករហើយលក់អង្ករតម្លៃថោកជូនប្រជាជនក្រីក្រក្នុងរាជធានីភ្នំពេញចំនួន៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី២៤ដល់២៦ខែកញ្ញាក្នុងចំនួនអង្ករប្រមាណ៦០តោន ហើយបើឃើញថា តម្រូវការកើនឡើងច្រើនបន្តទៀតក្រុមហ៊ុនរបស់លោកនឹងមានគម្រោងលក់រហូតដល់២០០តោនទៀតផង។
លោកថា «អ្នកទិញអង្ករទីនេះប្រភេទម្លិះល្អក្នុងប្រទេសកម្ពុជា។ បើគាត់ទិញ១០គីឡូយើងថែមជូនគាត់១០គីឡូហើយបើគិតគឺបានអង្ករចំនួន២០គីឡូគឺតម្លៃ៧ដុល្លារ»។
លោកថា ការលក់អង្ករជូនប្រជាពលរដ្ឋក្នុងតម្លៃថោកនេះ ក្រៅពីជួយដល់ប្រជាកសិករកំពុងជួបបញ្ហាលំបាករឿងតម្លៃទីផ្សារនាពេលនេះហើយ វាក៏ជាផ្នែកមួយសម្រាប់ជួយដល់ប្រជាជនក្រីក្រក្នុងរាជធានីភ្នំពេញបានទិញអង្ករល្អរបស់កម្ពុជាយើងទៅទុកបរិភោគផង។ ជាមួយគ្នានេះវាក៏ជាផ្នែកមួយក្នុងការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាកសិកររបស់យើងក្នុងគ្រាជួបបញ្ហាលំបាកពីតម្លៃទីផ្សារ។
លោកបានបន្តឱ្យដឹងថា ការលក់អង្ករជូនប្រជាពលរដ្ឋនេះបើសង្កេតឃើញថាមានលក្ខណៈល្អប្រសើរក្រុមហ៊ុនរបស់លោកនឹងបន្តលក់ចែកជូនប្រជាពលរដ្ឋនៅតំបន់ផ្សេងៗបន្តទៀត។ កម្មវិធីលក់អង្ករជូនប្រជាពលរដ្ឋនេះដែរបើទោះបីឃើញថាមិនច្រើនណាស់ណាប៉ុន្តែវាគឺជាស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកកើតឡើង។
គួរបញ្ជាក់ថា កាលពីថ្មីៗមកនេះសម្តេចតេជោហ៊ុនសែនបានសម្រេចដាក់ចេញនូវ កម្មវិធីរបស់រាជរដ្ឋាភិបាល ដែលមានថវិកាសមមូលនឹងចំនួន២៧លានដុល្លារ ក្នុងនោះប្រើប្រាស់ប្រាក់បំរុងរបស់រាជរដ្ឋាភិបាលសមមូលនឹងចំនួន២០លានដុល្លារ និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទចំនួន៧លានដុល្លារ ដើម្បីឥណទានកាតាលិករជួយជំរុញស្ថិរភាពវូបនីយកម្មថ្លៃស្រូវនិងជំរុញការទិញស្រូវក្នុងស្រុក។
ក្រុមហ៊ុនUKCONDO បានលក់អង្ករផ្លាម្លិះជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃថោកកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នៅទីស្នាក់ការលក់ខុនដូរ ក្នុងខណ្ឌទួលគោកទល់មុខធនាគារ FTB៕
មតិយោបល់