ឧត្តរមានជ័យៈ ឆ្នាំងដាំបាយអគ្គិសនីមួយគ្រឿងបានផ្តាច់ជីវិតក្មេងប្រុសម្នាក់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌគួរឲ្យសង្វេគបំផុត ខណៈដែលក្មេងប្រុសនេះ បានដាក់ដាំបាយនឹងឆ្នាំងដាំបាយអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ស្ថិត នៅចំណុចភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយឆក់ឆ្នាំងដាំបាយអគ្គិសនី មានឈ្មោះ អង ឌីរីន (ហៅគីល)ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល។
លោកវរសេនីយ៍ទោ បានបន្តទៀតថា មូលហេតុ ដាំបាយនឹងឆ្នាំងភ្លើងអគ្គិសនីមិនប្រយ័ត្នបណ្តាលឲ្យឆក់តែម្តង។ បច្ចុប្បន្នក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណី។ សូមបញ្ជាក់ថាករណីបែបនេះកើតមានច្រើនលើកមកហើយ ហេតុនេះសូមបងប្អូនដែលប្រើប្រាស់ឆ្នាំងដាំបាយអគ្គិសនី ត្រូវមានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ជាយកថាហេតុ៕
មតិយោបល់