ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រូបនឹងវេនទី១០នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ពន្ធនាគាររាជធានីភ្នំពេញបាន និមន្តព្រះសង្ឃចំនួន១២អង្គ ដើម្បីផ្តល់ឱកាសឲ្យមន្ត្រី និងជនជាប់ឃុំ ធ្វើពិធីរាប់បាត្រនិងបង្សុកូល នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
លោក ពេជ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញបាន ថ្លែងថា មកដល់ពេលបច្ចុប្បន្ននេះ ជនជាប់ឃុំនៅក្នុងពន្ធនាគារ មានចំនួនសរុប ៣៤៤នាក់។ លោកបន្តថា ការដែលលោកបានផ្តើមគំនិត រៀបចំកម្មវិធីបុណ្យនេះ ឡើងគឺដោយមានការណែនាំ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យ ពន្ធនាគាររៀបចំកម្មវិធីបែបនេះ ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់ មន្ត្រីរបស់លោកទាំងអស់ បានចូលរួមធ្វើបុណ្យ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ។ ជាងនេះទៅទៀត កម្មវិធីរាប់បាត្រព្រះសង្ឃនេះបាន ផ្តល់ឱកាសដល់បងប្អូនដែលជាជនជាប់ឃុំទាំងអស់បានចូលរួមធ្វើបុណ្យទាន ដើម្បីបញ្ជូនអានិសង្សដល់សាច់ញាតិរបស់ពួកគាត់ដែលបានស្លាប់ទៅ និងដើម្បីឱ្យពួកគាត់ទទួល បានមគ្គផលផងដែរ។ លោកបញ្ជាក់ថា បើទោះជាជនជាប់ឃុំមិនមានឱកាស ទៅធ្វើបុណ្យនៅវត្តក៏ដោយ ក៏ពន្ធនាគារបានជួយសម្រួល រៀបចំឲ្យពួកគាត់មានឱកាស បានធ្វើបុណ្យទានដូចបងប្អូនដែល នៅខាងក្រៅដែរ។
ជនជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ បានសម្តែងសេចក្តីរីករាយ ក្នុងការដែល ប្រធានពន្ធនាគារ បានរៀបចំឲ្យពួកគាត់ ធ្វើបុណ្យនៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ពួកគាត់បាន ថ្លែងអំណរគុណដល់ គណៈគ្រប់គ្រងពន្ធនាគារ ដែលបានផ្តល់ឱកាសដល់ពួកគាត់ធ្វើបុណ្យបញ្ជូនកុសល្យ ដល់ដូនតាពួកគាត់បែបនេះ។
សូមបញ្ជាក់ថា នៅក្រោមការគ្រប់គ្រងរបស់លោក ពេជ យ៉ុន ត្រូវបានមន្ត្រី និងជនជាប់ឃុំ និយាយថា មានការអនុវត្តច្បាប់តឹងរឹង និងបានផ្តល់ឱកាសដល់ជនជាប់ឃុំកែខ្លួនបានល្អប្រសើរគួរឲ្យកត់សម្គាល់។ បទល្មើសគ្រឿងញៀន និងការប្រើប្រាស់ទូរស័ព្ទ របស់ជនជាប់ឃុំ នៅក្នុងពន្ធនាគារ ត្រូវបានមន្ត្រីព្យាយាម បង្ក្រាបបានជាញឹកញយ ៕
មតិយោបល់