ស្ទឹងត្រែងៈ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះបានចុះណែនាំដល់អាជីវករលក់ទំនិញតាមផ្ទះ និងតូបនៅក្នុងផ្សារ កុំឲ្យដាក់ចំណីអាហារលាយឡំគ្នា នាំឲ្យខូចគុណភាព និងប៉ះពាល់ដល់សុខភាព អ្នកទិញយកប្រើប្រាស់និងបរិភោគ ហើយបើអាជីវករណាប្រព្រឹត្តបែបនេះ និងត្រូវធ្វើការផាកពិន័យតាមច្បាប់។
មន្ត្រីសាខាកាំកុងត្រូល បានបញ្ជាក់ថា សកម្មភាពចុះពិនិត្យទំនិញគឺចង់លើកកម្ពស់សុខភាពដល់អ្នកប្រើប្រាស់ និងចៀសវាងកុំឲ្យប្រជាពលរដ្ឋ មកពីទីជនបទទិញផលិតផលយកទៅបរិភោគ និងយកទៅវត្តនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប៉ះចំទំនិញខូចគុណភាព និងគ្មានអនាម័យនាំឲ្យខាតបង់ថវិកា និង ប៉ះពាល់ដល់សុខភាពទៀតផង។
លោកបានពន្យល់ដល់អ្នកលក់ និងអ្នកទិញ ត្រូវពិនិត្យមើលស្លាកសញ្ញាដោយខ្លួនឯងផង កុំទុកចិត្តឈ្មួញជាអ្នកនាំចូល ហើយអាជីវករ ត្រូវដាក់តាំងលក់ទំនិញ ឲ្យមានរបៀបរៀបរយកុំដាក់លាយឡំគ្នាដើម្បីរក្សាគុណភាពទំនិញឲ្យបានល្អ។
សកម្មភាពរបស់មន្ដ្រីកាំកុងត្រូល នៅថ្ងៃនេះត្រូវបានក្រុមអាជីវករ លក់ទំនិញនៅផ្សាខេត្តស្ទឹងត្រែងគាំទ្រ ដែលបានចុះមកពិនិត្យទំនិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពីព្រោះថាកាលណាយើងបានណែនាំ អាជីវករហាក់ដូចជា បានដាស់ស្មារតីប្រុងប្រយ័ត្ន លើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា ហើយការដាក់តាំងលក់ក៏មានសណ្តាប់ធ្នាប់ល្អ៕
មតិយោបល់