ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក Tatsuyuki Sakurai ប្រធានក្រុមអ្នកស្ទង់មតិអង្គការ JICA សម្រាប់ការត្រៀមរៀបចំការស្ទង់មតិ លើគម្រោងផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ក្រុងបាវិត។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងកិច្ចពិភាក្សា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លោក Sakurai បានជម្រាបជូនលោកទេសរដ្ឋមន្រ្តី អំពីគម្រោងនេះដោយបង្ហាញនូវលទ្ធផល បឋមនៃការស្ទង់មតិ និងបានស្នើសុំអនុសាសន៍ និងដំបូន្មានពី លោកទេសរដ្ឋមន្រ្តី ដោយផ្អែកលើលទ្ធផលស្ទង់មតិនានា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមអ្នកស្ទង់មតិ ដែលបានបរិយាយយ៉ាងល្អិតល្អន់អំពីគម្រោងផែនការនេះ។ លោកបានកត់សម្គាល់អំពីសារៈសំខាន់ នៃការសាងសង់ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញទៅក្រុងបាវិត និងបានជំរុញឲ្យ ក្រុមការងារនេះពិចារណាលើសេណារីយ៉ូល្អបំផុត ទាក់ទងនឹងការកំណត់ពេលវេលា ការកំណត់គន្លងផ្លូវ និងការចំណាយនានា ព្រមទាំងលទ្ធភាពអាចពង្រីកសកម្មភាពសេដ្ឋកិច្ច របស់ផ្លូវនេះនៅក្នុងតំបន់ថ្មីទាំងឡាយ៕







មតិយោបល់