ព័ត៌មានជាតិ

បាត់ឈើភស្តុតាងរាប់រយម៉ែត្រគូបពីក្នុងក្រុមហ៑ុន ប៑ិញភ្វឿក១ សមត្ថកិច្ច និងមន្ត្រីជំនាញឆ្លើយថាអត់ដឹង

មណ្ឌលគិរី: ឈើល្មើសច្បាប់ជាង ៤.៣០០ (បួនពាន់បីរយ) ម៉ែត្រគូប ដែលគណ:កម្មការទប់ស្កាត់ បទល្មើសព្រៃឈើថ្នាក់ជាតិ ធ្វើការបង្ក្រាបបាន និងរក្សាទុកនៅក្រុមហ៊ុនប៊ិញភ្វឿក១ ដែលមានទីតាំងនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា កាលពីដើមឆ្នាំ២០១៦កន្លងទៅ មកទល់នឹងពេលនេះ មានប្រភពច្បាស់ការណ៍មួយបង្ហើបថា បាត់អស់ជាង៣០០កំណាត់ ស្មើនឹង៤០០ម៉ែត្រគូបទៅហើយ។

មន្ត្រីក្នុងស្ថាប័នតុលាការខេត្តមណ្ឌលគិរីម្នាក់ សុំលាក់អត្តសញ្ញាណបានទទួលស្គាល់ថា ពិតជាមានករណីបាត់បង់ឈើមួយចំនួនធំនៅក្នុងក្រុមហ៊ុនប៊ិញភ្វឿក១នោះមែន។

ប្រភពបន្តទៀតថា មិនមែនបាត់តែនៅក្រុមហ៊ុនប៊ិញភ្វឿក១ប៉ុណ្ណោះទេ ក្រុមហ៊ុនចំនួន ៤ផ្សេងទៀត ក៏មានករណីបាត់ឈើដូចគ្នានេះដែរ។ លោកថា លើកលែងតែក្រុមហ៊ុន មួយមានឈ្មោះថា ក្រុមហ៊ុនយូនីហ្គ្រីន ដែលស្ថិតនៅក្នុងស្រុកកោះញែកប៉ុណ្ណោះ ដែល មិនមានបាត់ឈើ។

មជ្ឈដ្ឋានជាច្រើនបានលើកឡើង ដោយសម្តែងការងឿងឆ្ងល់ថា តើការបាត់ឈើ ដ៏ច្រើនបែបនេះ អាចជាប់ពាក់ព័ន្ឋជាមួយមន្ត្រី ដែលនៅប្រចាំការណ៍ក្នុងទីតាំងក្រុមហ៊ុន ដែលជាកន្លែងរក្សាទុកឈើ ដែលជាភស្តុតាងល្មើសទាំងអស់នោះដែឬទេ? ព្រោះថាមន្ត្រី ទាំងនោះ ទៅយាមល្បាតទាំងយប់ទាំងថ្ងៃ ឬមួយថា ឈើទាំងនោះអាចមានជើងចេះ រត់ខ្លួនឯង…?។
គួររម្លឹកថា កាលអំឡុងយុទ្ឋនាការបង្ក្រាបការរត់ពន្ឋឈើនៅទូទាំងប្រទេស ដែលមាន កម្លាំងជំនាញចម្រុះរួមនឹងកម្លាំងប្រដាប់អាវុធចុះអនុវត្តន៍ការងារនៅតំបន់ភូមិភាគឦសាន ពិតជាទទួលជោគជ័យយ៉ាងខ្លាំង ព្រោះឈើចំនួនជិត១សែនម៉ែត្រគូប ត្រូវបានរឹបអូសតាមបណ្តាក្រុមហ៊ុននានា ក្នុងខេត្តជាច្រើនដូចជា មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ និងត្បូងឃ្មុំ។ ហើយកាលនោះសកម្មភាពរត់ពន្ឋឈើបានស្ងប់ស្ងាត់មួយរយ:ខ្លី គួរឲ្យកត់សម្គាល់ ។ ប៉ុន្តែម្ចាស់ឈើជាអ្នកណា ឬអ្នកណាខ្លះ ដែលត្រូវជាប់ទោស ក្នុងករណីឧក្រិដ្ឋកម្មព្រៃឈើ រហូតដល់ចុងឆ្នាំ២០១៦ទៅហើយ នៅតែមិនទាន់ត្រូវ បានសមត្ថកិច្ចបង្ហាញឲ្យប្រជាពលរដ្ឋអស់សង្ស័យនៅឡើយនោះទេ។

ជាក់ស្តែង ឈើរាប់រយកំណាត់ នៅក្នុងក្រុមហ៊ុនប៊ិញភ្វឿក១ និងក្រុមហ៊ុនមួយចំនួនទៀត ត្រូវបានជនមិនស្គាល់មុខ លួចដុតបំផ្លាញចោលមុនគណ:កម្មការថ្នាក់ជាតិចុះទៅដល់ ហើយខ្លះទៀតត្រូវបានគេលួចដឹកចេញទាំងយប់ទាំងថ្ងៃ។ សព្វថ្ងៃការរត់ពន្ឋឈើប្រណីត និងឈើលេខ១គ្រប់ប្រភេទឆ្លងដែន ត្រូវបានគេកត់សម្គាលឃើញថា មានសកម្មភាព កក្រើកឡើងវិញ ស្របពេលកាលពីថ្ងៃទី១៥ កញ្ញា ថ្មីៗនេះ ឈើចម្រុះធំៗចំនួន២.៩៤៩ កំណាត់ ត្រូវបានសមត្ថកិច្ចរុករកឃើញនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ចំណុចក្បែរប៉ុស្តិ៍ការពារព្រំដែនអូររ៉ូ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ គេនៅមិនទាន់ដឹងថា តើអាជ្ញាធរខេត្តមណ្ឌលគិរី អាចស្វែងរកឃើញកំណាត់ឈើ ដែលបាត់ដ៏ច្រើនសន្ឋឹកសន្ឋប់ទាំងនោះបានមកវិញដែរឬទេ?

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង្ស សុក្រសេរី បានឲ្យដឹងតាម ទូរស័ព្ទនៅថ្ងៃនេះថា លោកមិនបានដឹងទេជុំវិញព័ត៌មាន ករណីបាត់ឈើនៅក្នុងក្រុមហ៊ុន ប៊ិញហ្វឿក១ ដោយគ្រាន់តែបញ្ជាក់ថា ឈើទាំងនោះគេដេញថ្លៃអស់ហើយ។
លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អ្នកយកព័ត៌មាន មិបនអាច សុំការបំភ្លឺបានទេ នៅថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៦នេះ ព្រោះទូរសព្ទរបស់លោកហៅចូល ច្រើនដងតែគ្មានអ្នកទទួល៕

photo_2016-09-26_21-52-43

photo_2016-09-26_21-52-46

photo_2016-09-26_21-52-49

photo_2016-09-26_21-52-52

photo_2016-09-26_21-52-55

មតិយោបល់