ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បានផ្តល់អនុសាសន៍ដល់ប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មុនពេលទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៣ ឆ្នាំ២០១៦។
បើតាមនាយកដ្ឋានព័ត៌មានបានឲ្យដឹងនៅក្រោយជំនួបនោះថា មុនពេលទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៣ ឆ្នាំ២០១៦ សមាគមនេះបានមកសម្តែងការគួសម និងសុំអនុសាសន៍និងជម្រាបពីគោលបំណងរបស់ខ្លួនក្នុងពេលចុះបំពេញបេសកការទូតនៅតាមបណ្តាប្រទេសជាសមាជិកនិមួយៗ។ ដោយឡែកសម្រាប់ឆ្នាំនេះ នាវាយុវជនអាស៊ីអាគ្នេយ៍ បានប្រារព្ធខួបលើកទី៤៣ របស់ខ្លួន មានគោលបំណងធំ៣ សំខាន់គឺ បង្កើនមិត្តភាព និងយោគយល់គ្នារវាងយុវជនក្នុងតំបន់អាស៊ាន និងជប៉ុន ក៏ដូចជាលើកកម្ពស់ស្មារតី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រីកទស្សនទានរបស់ក្រុមយុវជន និងកិច្ចការតំបន់ ក៏ដូចជាពិភពលោក។
ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះប្រតិភូយុវជនទាំងអស់ ដែលត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើជាតំណាងរបស់យុវជននៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៣ ឆ្នាំ២០១៦ និងបានកោតសរសើរ និងលើកទឹកចិត្តដល់ ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា បានពង្រីកនូវចំណេះដឹងរបស់ខ្លួន និងស្វែងយល់អំពីតួនាទីដ៏សំខាន់នៃការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសផ្តល់នូវការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមក្នុងសកម្មភាពរបស់សង្គម ជាមួយបណ្តាយុវជននៃប្រទេសជប៉ុន និងយុវជនមកពីប្រទេសអាស៊ានទាំង៩ផ្សេងទៀត។
សម្តេចបានផ្តល់ដំបូន្មានថា “ក្មួយៗត្រូវចេះប្រើប្រាស់ឱកាសមាស ឱកាសពេជ្រដែលកម្ពុជាមានសព្វថ្ងៃនេះ ដើម្បីបង្កើតឱកាសសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ សម្រាប់សហគមន៍ និងសម្រាប់ជាតិរបស់យើង”។
សម្តេចមានជំនឿជឿជាក់ថា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សុទ្ធតែជាធនធានដ៏មានតម្លៃ មានសមត្ថភាពពិតប្រាកដ និងជាតំណាងយុវជនគំរូរបស់កម្ពុជា តាមរយៈកម្មវិធីនេះ យុវជនត្រូវមានភារកិច្ច បំពេញតួនាទីជាអគ្គរាជទូតល្អតំណាងឲ្យប្រទេសកម្ពុជា ដើម្បីពាំនាំនូវសារដ៏ល្អ ពីកម្ពុជាទៅកាន់ពិភពលោកឲ្យបានដឹងអំពីសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ប្រពៃណីល្អផូរផង់របស់កម្ពុជា។
សម្តេចបញ្ជាក់ថា យុវជនពិតជាបានយល់ច្បាស់អំពីសភាពការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន បានកំពុងអនុវត្តន៍នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៥ ដោយយកយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ ជាឧបករណ៍ទ្រទ្រង់ការអនុវត្តកម្មវិធីនយោបាយ។ ជាមួយគ្នានោះក៏បានផ្តោតសំខាន់ និងជំរុញយ៉ាងខ្លាំង នូវនយោបាយកំណែទម្រង់លើគ្រប់វិស័យដោយចាត់ទុកគោលនយោបាយកំណែទម្រង់ទូលំទូលាយ ស៊ីជម្រៅ គឺជាអាយុជីវិតរបស់ប្រទេសជាតិ។
សម្តេចកបានផ្តាំផ្ញើដល់ក្មួយៗ បន្តនូវការប្តេជ្ញាចិត្ត និងឆន្ទៈមុតមាំ ចូលរួមចំណែកឱ្យបានកាន់តែសកម្ម ដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងភាពសុខសាន្តសម្បូរណ៍រុងរឿងរបស់ប្រទេសកម្ពុជា។ ត្រូវចេះស្រឡាញ់ យោគយល់អធ្យាស្រ័យសាមគ្គីគ្នា និងធ្វើការងារជាក្រុមឲ្យបានល្អ ដើម្បីនាំនូវកិត្តិយសជូនប្រទេសជាតិកម្ពុជា ដូចសុភាសិតថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ និងជូនពរទទួលបានជោគជ័យ ព្រមទាំងទទួលបានបទពិសោធន៍ល្អៗត្រឡប់មកមាតុភូមិវិញ៕
មតិយោបល់