កណ្តាលៈ យ៉ាងហោចណាស់មនុស្ស២នាក់បានបាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការជិះម៉ូតូប៉ះដៃចង្កូតគ្នា បណ្តាលឲ្យដួលកណ្តាលថ្នល់ត្រូវរថយន្តមិនស្គាល់ម៉ាកកិនតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧
នៅចំណុចមុខរោងចក្រវ៉ាន់កូ ភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២៣-២៤។
នគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដា១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-9113 អ្នកបើកបរដោយឈ្មោះ សំ ឡេន ភេទស្រី អាយុ៣៦ឆ្នាំស្នាក់នៅភូមិត្រយុឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឌុបឳពុកឈ្មោះ សំ អុីង ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិសណ្តាន់ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ បើកបរពីកើតទៅលិច (ភ្នំពេញទៅកំពង់សោម) លុះដល់ចំណុចកើតហេតុខាងលើបានប៉ះ ដៃចង្កូតនឹងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលលើទ្រូងថ្នល់ ស្របពេលដែលអ្នកបើកបរម៉ូតូ នឹងអ្នករួមដំណើរដួល ក៏មានរថយន្តមួយគ្រឿងមិនដឹងម៉ាក ដែលបើកបរពីលិចទៅកើត (កំពង់សោមទៅភ្នំពេញ)
បានកិនអ្នកទាំង២ បណ្ដាល ឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ចំពោះម៉ូតូមួយគ្រឿងដែលប៉ះដៃចង្កូត ជាមួយ ម៉ូតូជនរងគ្រោះ និងរថយន្តដែលបានបុកកិន ជនរងគ្រោះបានបើកគេចខ្លួនបាត់។
ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីអ្នកបើកបរម៉ូតូប៉ះដៃចង្កូតគ្នា អ្នករងគ្រោះក៏បានខ្ទាត ទៅលើទ្រូងថ្នល់ម្ខាងទៀត ត្រូវបានរថយន្តកិន ស្លាប់នៅនឹងកន្លែងកើតហេតុទាំង២នាក់ ។ ចំពោះសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់