ព័ត៌មានជាតិ

សិស្សអនុវិទ្យាល័យចតុមុខ២នាក់ ឆក់លុយ៥០០០ដុល្លារពីជនបរទេសបានសម្រេចជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៣ ប៉ុស្តិចតុមុខ ប៉ុស្តិផ្សារចាស់ និងប៉ុស្តិវត្តភ្នំ បានសហកា​រ​ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលអន្តរាគមន៍ ដេញបង្ក្រាបមុខសញ្ញាចោរឆក់យ៉ាងសកម្មបានចំនួន២នាក់ ដែល​បាន​ធ្វើសកម្មភាពឆក់ស្បោងលុយដែលក្នុងនោះមានលុយចំនួន៥០០០ដុល្លារ បានសម្រេចហើយព្យាយាមរត់គេចខ្លួន ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ ១៩ កែងមហាវិថីព្រះសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកអធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំងនគរបាលបង្ក្រាប​បានខាងលើ​នេះ ទី១ឈ្មោះ វ៉ា សុខរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី៨ សេអង នៃអនុវិទ្យាល័យចតុមុខ ស្នាក់នៅម្តុំវត្តបទុមវតី ផ្លូវលេខ១៩ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។ និងជនសង្ស័យទី២ ឈ្មោះ ពុធ ស៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី៨អាអង នៃអនុវិទ្យាល័យ​ចតុមុខ ស្នាក់នៅម្តុំវត្តប្រជុំសាគរ(វត្តថ្មី) ផ្លូវទន្លេសាប សង្កាត់ជ្រោយជង្វារ ខណ្ឌជ្រោយជង្វារ ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1FY-0685 (របស់ជនសង្ស័យជិះធ្វើសកម្មភាព) ,ប្រាក់ដុល្លារចំនួន៥០០០ដុល្លារសហអាមេរិច (របស់ជនរងគ្រោះ ប្រគល់ជូនជនរងគ្រោះវិញ) ។ ចំណែកជនរងគ្រោះមានឈ្មោះ PHUOENG MONIQUE ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិបារាំង ស្នាក់នៅផ្ទះលេខ ២៣៥បេ ផ្លូវ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

លោក អធិការនគរបាលខណ្ឌដូនពេញបានបន្តឲ្យដឹងថា ក្រោយមានការណែនាំផ្ទាល់ និងជាប្រចាំរបស់នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ លើការពង្រឹងបញ្ហាសន្តិសុខ និងការពារបញ្ហាសណ្តាប់ធ្នាប់នោះ លោកបានដាក់ផែនការដល់កងកម្លាំងទាំងអស់ចុះល្បាតតាមមូលដ្ឋានទាំងយប់ទាំងថ្ងៃ ដើម្បីចេញជួយអន្តរាគមន៍ទាន់ពេលវេលា ជាក់ស្តែងករណីខាងលើនេះ ក្រោយជនសង្ស័យទាំង២នាក់ ឆក់កាបូបរបស់ជនរងគ្រោះភ្លាម គឺកម្លាំងនគរ​បាលបានដេញបង្ក្រាបបានភ្លាមៗតែម្តង។ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេធ្លាប់​បានធ្វើសកម្ម​ភាពចំនួន​១៩លើក តែលើកនេះមកអស់លក្ខ នៅទឹកដីខណ្ឌដូនពេញតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំ​រឿងបន្តបញ្ជូនខ្លួនជនសង្ស័យទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

មតិយោបល់