បាត់ដំបងៈ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅរាយប៉ាយតាមគុម្ពសង្កែ ក្បែរចិញ្ចើមផ្លូវដែលគ្រាប់ទាំងនេះ ខ្លះនៅមានគុណភាពមួយរយភាគរយនៅឡើយ ខណៈដែលប្រជាពលរដ្ឋ ទៅកាប់ឆ្ការទីនោះដើម្បីឲ្យស្រឡះតាមភ្លឺស្រែ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ខេត្តបាត់ដំបង ។
ក្រោយពីមានការប្រទះឃើញនេះរួច នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមអង្គភាពស៊ីម៉ាក់ បានដាក់កម្លាំងចុះទៅត្រួតពិនិត្យព្រមទាំងបានសង្កេតឃើញថា គ្រាប់ទាំងនេះមាននៅរាយប៉ាយលើដីចម្ងាយប្រមាណជិត១គីឡូម៉ែត្រ តាមបណ្តោយផ្លូវ ទើបក្រុមស៊ីម៉ាក់ បានចុះប្រតិបត្តិការដើម្បីរុករក និងប្រើប្រាស់ឧបករណ៍ដើម្បីរាវរកគ្រាប់មិនទាន់ផ្ទុះទាំងនេះ ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងស៊ីម៉ាក់បានរកឃើញគ្រាប់ប្រភេទត្បាល់ ធុន៦០មីល្លីម៉ែត្រ ចំនួន១២គ្រាប់ ដែលផលិតនៅប្រទេសចិន កន្ទុយគ្រាប់ធុន៦០មីល្លីម៉ែត្រ រួមនិងកន្ទុយគ្រាប់ធុន១០០មីល្លីម៉ែត្រ ចំនួន៣៥គ្រាប់ ដែលផលិត នៅប្រទេសចិន គ្រាប់បេ៤០ ចំនួន៣គ្រាប់ ផលិតនៅប្រទេសចិន គ្រាប់បេ៤១ ចំនួន ១គ្រាប់ ផលិតនៅប្រទេសសូវៀត គ្រាប់មីនស្គរ ចំនួន១៣គ្រាប់ ផលិតនៅប្រទេស សូវៀត និងគ្រាប់រ៉ូកែត ធុន១០៧ មីល្លីម៉ែត្រ ចំនួន១គ្រាប់ ដែលផលិតនៅប្រទេសចិន ។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីស៊ីម៉ាក់ បានបញ្ជាក់ថា គ្រាប់ទាំងនេះ គឺខ្លះនៅមានគុណភាព៧០ភាគរយ។ ចំណែកប្រភេទគ្រាប់បេ និងគ្រាប់រ៉ូកែត គឺនៅមានគុណភាព១០០ភាគរយ ដែលអាចសម្លាប់មនុស្ស សត្វ បានយ៉ាងងាយខណៈដែលមានអ្វីទៅប៉ះទង្គិចជាមួយវា ។ នៅពេលនោះផងដែរ គឺក្រុមអង្គភាពស៊ីម៉ាក់បានប្រមូលនាំយកទៅកាន់អង្គភាពដើម្បីរក្សាទុកនិងរកឱកាសដើម្បីធ្វើការកម្ទេចវាចោល ៕
មតិយោបល់