ភ្នំពេញ:ស្រ្តីជាអាជីវករម្នាក់ បានបាត់បង់អស់គ្រឿងអល័ង្កការ ខ្សែកមាសទម្ងន់ ៥ជី បន្ទាប់ពីចាញ់ល្បិចក្រុមទម្លាក់យោង ធ្វើសកម្មភាព លួងលោម បោកបញ្ឆោត យកដីខ្សាច់មួយកញ្ចប់ ដូរខ្សែកមាស បានសម្រេច ហើយនាំគ្នាគេចខ្លួនបាត់អស់ រួចបានត្រឹមកាន់កញ្ចប់ដីខ្សាច់ មកប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង០៩ និង៣០នាទី ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្រ្តីរងគ្រោះ មានឈ្មោះ ទូច ស្រីម៉ៅ អាយុ ២៨ឆ្នាំ មុខរបរ ជាអាជីវករ លក់បន្លែ ក្នុងផ្សារជម្ពូវ័ន ស្នាក់នៅ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ភូមិក្រសាំង ឃុំចំបុី ស្រុកអង្គជ័យ ខេត្តកំពត។ ចំណែកសម្ភារៈបាត់បង់ មានខ្សែកមាស ទម្ងន់ ៥ជី ហើយបានមកវិញ នូវដីខ្សាច់ ១កូនថង់ ប៉ុណ្ណោះ។
បើតាមការរៀបរាប់ ពីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលខ្លួន កំពុងលក់បន្លែ ស្រាប់តែលេចមុខនារីម្នាក់ មកសួរថា មុននឹងមានរើសបាន កញ្ចប់មាសអត់? មានគេមករកទិញឥវ៉ាន់ ជ្រុះម្តុំហ្នឹង នៅមុននេះបន្តិច ថាហើយ ក៏មានស្រ្តីម្នាក់ផ្សេងទៀត មកប្រាប់ថា កុំមាត់ គេជាអ្នករើសបាន ហាមប្រាប់អ្នកណាឲ្យដឹង ក្រៅពីយើង ៣នាក់នេះឡើយ រួចក៏បបួលគ្នា ដោយទាំងរូបគេជាជនរងគ្រោះ ដើរឆ្លង ពីខាងផ្សារជម្ពូវ័ន មកខាងមុខវត្តហើយក្រុមជនសង្ស័យ ក៏និយាយបញ្ចុះបញ្ចូល រឿងចែកមាសគ្នា ធ្វើឲ្យស្រ្តីរងគ្រោះ ទន់ចិត្តទន់ថ្លើម បុកពោះផុចៗ ត្រេកអរ ព្រោះសម្លឹងឃើញក្នុងកញ្ចប់ ក្រហមច្រាល សុខចិត្ត ដោះខ្សែកខ្លួនឯង ប្រគល់ឲ្យស្រ្តី ២នាក់ជាជនសង្ស័យ រួចស្ត្រីឆបោកខាងលើ បានប្រគល់ថង់មាស ឲ្យមួយកញ្ចប់ រង់ចាំពួកគេត្រលប់មកវិញ កាត់មាសចែកគ្នា។ គ្រាន់តែស្រ្តីទាំង ០២នាក់ ដើរឆ្លងផ្លូវ ទៅខាងផ្សារវិញ នាំគ្នារត់គេចខ្លួន បាត់អស់។
ដោយចាំបាត់ៗ យូរពេក សង្ស័យលួចស្រាយថង់មើល ឃើញសុទ្ធតែដីខ្សាច់ ធ្ងន់ទ្រដុក ទ្រហោយំ នឹកចាញ់បោកគេហើយ កាន់ថង់ដីខ្សាច់ មកប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ ឲ្យជួយស្រាវជ្រាវរក មុខសញ្ញា ទម្លាក់យោង ស្ទីលដដែលៗ តែនៅតែមានប្រសិទ្ធភាពខ្ពស់៕
https://youtu.be/COsSmjmaHeQ
មតិយោបល់