ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យម្នាក់ដែលលួចម៉ូតូ ក្រោយពេលជនរងគ្រោះទុកចោល រួចទៅច្រូតស្មៅគោ

កណ្តាលៈ ជនសង្ស័យម្នាក់ ក្នុងចំណោម ០៣នាក់ ត្រូវសមត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួនបាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីលួចម៉ូតូជនរងគ្រោះដែលទុកចោល រួចចុះទៅកាត់ស្មៅគោនៅវាលស្រែ កាលពីពីរខែមុន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូនោះ គឺមានគ្នាទាំងអស់ ៣នាក់ ដោយទី១-ឈ្មោះ ស៊្រុន តូច (ហៅ វ៉េវ) ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ មុខរបរ មិនពិតប្រាកដ (រត់គេចខ្លួន), ទី២-ឈ្មោះ ម៉ឺយ ជីន ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ មុខរបរ កសិករ (រត់គេចខ្លួន) និងទី៣-ឈ្មោះ មាស សុខុម ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ចាប់ឃាត់ខ្លួន)។ ចំណែកម៉ូតូដែលលួចនោះ គឺម៉ាកហុងដា C125 ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1P-8839។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿងតែម្នាក់ឯងទៅច្រូតស្មៅគោនៅចុងព្រែកយាយហាយ ពេលទៅដល់ជនរងគ្រោះបានចតម៉ូតូរបស់ខ្លួននៅក្នុងចំការស្វាយត្រើយខាងជើងព្រែកយាយហាយ ចម្ងាយពីមាត់ព្រែកប្រមាណ ១៥០ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ដោយបានចាក់សោកម៉ូតូទុកត្រឹមត្រូវ រួចក៏បានដើរទៅច្រូតស្មៅគោនៅខាងជើងកន្លែងទុកម៉ូតូប្រមាណ ១០០ម៉ែត្រ។

លុះនៅពេលកើតហេតុខាងលើ ជនសង្ស័យទាំង ០៣ នាក់ខាងលើ ក៏បានដើរចូលទៅធ្វើសកម្មភាពកាច់សោកម៉ូតូ ០១គ្រឿង ដែលជារបស់ជនសង្ស័យបានចតទុក ចោលនោះតែម្ដង ដោយឈ្មោះ មាស សុខុម ជាអ្នកចាំមើលផ្លូវ រីឯឈ្មោះ ស៊្រុន តូច(ហៅ វ៉េវ) និង ម៉ឺយ ជីន ជាអ្នកយកឧបករណ៍កាច់សោក ទៅចាក់ប្រអប់សោកាច់យកបានសម្រេច។

ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំង ០៣ នាក់ខាងលើបានបញ្ឆេះម៉ូតូដែលលួចបានជិះចេញទៅតាមចុងព្រែកយាយហាយ ពេលទៅដល់ចុងព្រែកយាយហាយ ឈ្មោះ ស៊្រុន តូច(ហៅ វ៉េវ) បានទំលាក់ឈ្មោះ មាស សុខុម ចុះពីលើម៉ូតូ ដោយប្រាប់ឲ្យនៅចាំស្ដាប់ព័ត៌មានក្នុងភូមិថាតើមានអ្នកណាដឹងថាពួកខ្លួនលួចម៉ូតូគេឬអត់ ហើយលុយដែលលក់ម៉ូតូបានចាំផ្ញើតាមវីងមកឲ្យ រួចក៏ជិះម៉ូតូទៅទិសខាងលិចបាត់ទៅ។
នៅពេលដែលជនសង្ស័យបញ្ឆេះម៉ូតូជិះចេញទៅ ក៏ត្រូវជនរងគ្រោះឮសំលេង ហើយមើលឃើញម៉ូតូរបស់ខ្លួនត្រូវចោរលួចយកទៅបាត់។ បន្ទាប់មកជនរងគ្រោះបានដើរប្រាប់កូនរបស់ខ្លួនឲ្យជួយដើររកតែពុំឃើញ។

ក្រោយមកសមត្ថកិច្ចក៏បានទទួលព័ត៌មាននេះ រួចបានចុះធ្វើការស្រាវជ្រាវ សាកសួរសាក្សីនៅជុំវិញកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាបាន និងទទួលបានបណ្ដឹងពីជនរងគ្រោះផងនោះ ទើបនៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៦ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ មាស សុខុម មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។
តាមចម្លើយសារភាពរបស់ឈ្មោះ មាស សុខុម បានឆ្លើយសារភាពថា រូបខ្លួននិងបក្ខពួក ០២នាក់ទៀតគឺ ឈ្មោះ ស៊្រុន តូច(ហៅ វ៉េវ) និងឈ្មោះ ម៉ឺយ ជីន ពិតជាបានធ្វើសកម្មភាពកាច់សោកលួចយកម៉ូតូ ០១ គ្រឿង របស់ជនរងគ្រោះ នៅចំណុច និងពេលវេលាកើតហេតុខាងលើពិតប្រាកដមែន៕

https://youtu.be/237-PHXy9vc

photo_2016-10-04_19-28-45photo_2016-10-04_19-28-52

មតិយោបល់