ព័ត៌មានជាតិ

ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហមបានស្រកវិញហើយ និងអាចធ្វើចរារចរបាន

ភ្នំពេញៈ ក្រោយពីមានការខិតខំប្រឹងប្រែងពីអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងការរជីកកាយបើកផ្លូវទឹកបង្ហូរចេញពីផ្លូវជាតិលេខ៤ ចំណុចមុខសាលាក្តីខ្មែរក្រហម ឃើញថានៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានភាពទឹកជំនន់នៅផ្លូវនេះបានស្រកជាធម្មតា និងអាចធ្វើចរារចរបានប្រសើរវិញហើយ។ នេះបើតាមការឲ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ។

មន្ត្រីរូបនោះបានឲ្យដឹងថា ក្រោយពីបើកយុទ្ធនាការជីកកាយបើកផ្លូវទឹកបង្ហូរចេញ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ ចំណុចមុខសាលាក្តីខ្មែរក្រហម ទឹកត្រូវបានស្រកឃើញសាច់ថ្នល់ហើយ នៅសេសសល់គែមថ្នល់ប៉ុណ្ណោះ ដែលការធ្វើចរាចរបានជាធម្មតាវិញ។

មន្ត្រីរូបនោះបានឲ្យដឹងទៀតថា បើមិនមានភ្លៀងធ្លាក់ខ្លាំង ដែលនាំឲ្យមានទឹកជំនន់ពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលទេ ទីតាំងនេះនឹងមិនរងការលិចលង់ដូចមុនទេ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី៣ តុលាកន្លងមកនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ហែម ដារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សេង គន្ឋ អភិបាលរងខណ្ឌ បានចុះពិនិត្យដោះស្រាយបញ្ជូនទឹកលិចផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហមនេះ ដោយសារតែទីតាំងផ្លូវនេះជាទំនាប ហើយសងខាងផ្លូវត្រុវបានគេលុបដី ដើម្បីអភិវឌ្ឍន៍ និងទទួលទឹកបន្ថែមពីអង្គស្នួល ផងនោះ ទើបផ្លុវខាងលើត្រុវបានលិចលង់យ៉ាងធ្ងន់ធ្ងរ តែមកដល់នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ដោយសារការខិតខំពីរដ្ឋបាលរាជធានីឃើញថា ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤មុខសាលាក្តីខ្មែរក្រហមនេះបានស្រកឃើញសាច់ថ្នល់ និងអាចធ្វើចរារចរបានប្រសើរហើយ៕

photo_2016-10-05_09-52-35photo_2016-10-05_09-52-37photo_2016-10-05_09-52-39

មតិយោបល់