ស្ទឹងត្រែងៈ សត្វព្រៃជាច្រើនប្រភេទជិត២០០គីឡូក្រាម ដែលក្រុមឈ្មួញដាក់តាំងលក់ នៅលើទីផ្សារក្នុងទីរួមខេត្ត នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រូវបានក្រុមអន្តរាគម៍បង្ក្រាប សត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការណ៍ជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃធ្វើការបង្ក្រាបបាន។
ចំពោះការចុះបង្ក្រាបសត្វព្រៃខាងលើនោះដែរ គឺបង្ក្រាបបានតែសាច់សត្វព្រៃតែប៉ុណ្ណោះ ព្រោះថាពេលដែលកម្លាំងចម្រុះចុះទៅដល់កន្លែងនោះភ្លាម ក្រុមឈ្មួញទាំងអស់នោះហាក់បីដូចជាបានដឹងមុនអ៊ីចឹង គឺពួកគេបាននាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ដោយបន្សល់ទុកតែសាច់សត្វតែប៉ុណ្ណោះ។
សត្វព្រៃដែលរឹបអូសបាននោះរួមមាន ៖ អណ្តើកភ្នំរស់២ក្បាល ២គីឡូក្រាម ត្រគួតរស់១០ក្បាល មានទំងន់១៥គីឡូក្រាមកន្លះ សាច់ស្វា២ក្បាល២.៧០គីឡូក្រាម សាច់ជ្រូកព្រៃស្រស់៧២គីឡូក្រាម សាច់ឈ្លុសស្រស់ ២៧.១គីឡូក្រាម សាច់ប្រើសស្រស់៥៤គីឡូក្រាមកន្លះ រញីគ្រាម ចំនួន៣ក្បាល ក្រពះប្រម៉ាគ្រាម៨ប្រទះ ងៀតឈ្លូស៣.៥គីឡូក្រាម សរុបទាំងអស់ទំងន់១៧៧,៣គីឡូកាម។
បច្ចុប្បន្នសាច់សត្វព្រៃទាំងអស់នោះ ត្រូវបានកម្លាំងចម្រុះធ្វើការប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីយកទៅកប់ ឬដុតចោលនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់តែម្ដង៕
មតិយោបល់