ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB និងរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែតុលានេះ បានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់មួយ ដើម្បីឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែងនិងធ្វើការពិចារណាពីដំណោះស្រាយដែលអាចមានចំពោះបញ្ហាប្រឈម នៃការអភិវឌ្ឍន៍នាពេលអនាគតរបស់កម្ពុជា និងបង្កើនភាពជាដៃគូរកាន់តែមានលក្ខណៈស៊ីជម្រៅ។
ព្រឹត្តិការណ៍នេះធ្វើឡើងដោយ ADB និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រោមវត្តមាមានលោក គាត ឈន់ ប្រធានកិត្តិយស នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងមានការដឹកនាំពីលោក អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាទេសាភិបាលកម្ពុជាប្រចាំ ADB ហើយក៏មានការចូលរួមពិភាក្សាពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងលោក រង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
វាគ្មិនទាំង៤រូប បានលើកឡើងពីឧត្តមប្រយោជន៍ និងភាពជាដៃគូរដ៏ស្មោះត្រង់ ជិតស្និត ផ្តល់នូវកត្តាជំរុញគ្រប់កាលៈទេសៈរបស់ADBដល់កម្ពុជា ដែលបានបង្កើតនូវលក្ខខណ្ឌមូលនិធិថ្មីសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ក្រោយពេលកម្ពុជាទទួលបានសុខសន្តិភាព ។ ឥណទានរបស់ ADB ត្រូវបានវាគ្មិនទាំងអស់អះអាងថា កំពុងត្រូវបានយកទៅកសាងហេដ្ឋរចនាសម្ព័ន្ធ កសាងធនធានមនុស្ស បង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបង្កើនការផលិតស្របតាមតម្រូវការចាំបាច់ ហើយលើសពីនេះឥណទានរបស់ ADB ពិតជាបានឆ្លើយតបទាន់ពេលវេលា និងបានលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឲ្យរួចផុតពីភាពក្រីក្រ និងបានធ្វើឱ្យមានកំណើនសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ។
ជាមួយគ្នានោះ លោក Stephen Groff អនុប្រធានADBទទួលបន្ទុកអាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានថ្លែងតាមរយៈវីដេអូខុនហ្វើរិនស៍ពីទីក្រុងម៉ានិលប្រទេសហ្វីលីពីនមកថា “ក្នុងរយៈពេល២៥ឆ្នាំមកនេះមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើននៅក្នុងប្រទេសកម្ពុជា នៅពេលដែលពេលវេលានៅតែបន្តផ្លាស់ប្តូរ ការផ្តោតជាយុទ្ធសាស្រ្តរបស់ADBនិងភាពជាដៃគូរវាងភាគីទាំង២ក៏មានការវិវឌ្ឍន៍ ។ អ្វីដែលមិនអាចផ្លាស់ប្តូរបានគឺការប្តេជ្ញាចិត្តរបស់យើងចំពោះការជួយឱ្យប្រទេសកម្ពុជាមានភាពជឿនលឿនទៅមុខទៀត ហើយ ADB មានមោទនភាពដែលបានក្លាយជាដៃគូអភិវឌ្ឍន៍ពហុភាគីធំជាងគេរបស់ប្រទេសនេះ”។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក ADB ក្នុងឆ្នាំ១៩៦៦ ហើយត្រូវផ្អាកក្នុងពេលប្រទេសមានសង្រ្គាម និងបានត្រឡប់មកជាថ្មីក្នុងឆ្នាំ១៩៩១ ក្រោយពេលបញ្ចប់សង្រ្គាមស៊ីវិល ជាស្ថាប័នអភិវឌ្ឍន៍ដំបូងគេ ដែលបានមកវាយតម្លៃពីតម្រូវការរបស់ប្រទេសកម្ពុជានិងឆ្នាំ១៩៩៦ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមុនគេនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៦៦មកADB បានផ្តល់ការគាំទ្រដល់កម្ពុជាគិតជាទឹកប្រាក់ចំនួន២,៦៥ពាន់លានដុល្លារ ក្នុងទម្រង់ជាកម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេស ដោយចូលរួមសហហិរញ្ញប្បទានជំនួយឥតសំណងនិងបច្ចេកទេស ផ្តោតការយកចិត្តទុកដាក់លើ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កសិកម្ម អភិវឌ្ឍន៍ជនបទ និងការអភិវឌ្ឍន៍ធនធានមនុស្ស៕
មតិយោបល់