ភ្នំពេញៈ ក្រោយពីមេឃភ្លៀងធ្លាក់តាមតំបន់នានា រងការលិចលង់ បង្កបញ្ហាផ្សេងៗដល់ប្រជាពលរដ្ឋ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្យ ជាក់ស្ដែងនៅផ្លូវ១១២ ដែលនៅចន្លោះពីផ្លូវទទឹង លេខ២៣៣ទៅដល់លេខ២២១ ស្ថិតនៅក្នុងសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានជង្ហុកក្រឡុកអាចបណ្តាលឲ្យអ្នកធ្វើចរាចរណ៍គ្រោះថ្នាក់ជាយថាហេតុ ពីព្រោះផ្លូវរងការខូចខាតខ្លាំងត្រង់មុខសកលវិទ្យាបញ្ញាសាស្ត្រ។
ចំណុចដែលផ្លូវ១១២រងការខូចខាត គឺចំកន្លែងសំណង់កំពុងសាងសង់ជាប់សកលវិទ្យាល័យបញ្ញាសាស្ត្រ ហើយពេលមានភ្លៀងធ្លាក់ម្ដងៗ ទឹកហូរលើថ្នល់ និងដក់ ទើបបណ្តាលឲ្យមានក្រឡុកតូចៗ ស្របពេលមានចរាចរណ៍ឆ្លងកាត់ទៅមកជាប្រចាំ បូករួមទាំងមានរថយន្តធន់ធ្ងន់ដឹកសម្ភារ:សំណង់មកការដ្ឋានផង ទើបក្រឡុកតូចៗប្រែក្លាយទៅជាជង្ហុក។
សិស្សនិស្សិតនៃសកលវិទ្យាល័យបានប្រាប់ថា ផ្លូវ១១២ ខាងមុខនេះចាប់ផ្តើមខូច មិនឃើញមានអាជ្ញាធរមកមើលហើយជួសជុលទេ ដូច្នេះអ្នកធ្វើចរាចរណ៍មិនចាប់អារម្មណ៍អាចបណ្តាលឲ្យគ្រោះថ្នាក់។
លោក លាវ ស៊ុនលី ចៅសង្កាត់ដេប៉ូ៣ បានប្រាប់ឲ្យដឹងថា រឿងផ្លូវ១១២ ត្រង់កន្លែងខូចហ្នឹង ខាងអាជ្ញាធរសង្កាត់និងខណ្ឌទួលគោក បានស្នើដល់សាលារាជធានីភ្នំពេញ ហើយលើកយកគម្រោងអភិវឌ្ឍភូមិឃុំឆ្នាំ២០១៧ផងដែរ។
លោកបន្តទៀតថា បញ្ហាកន្លែងខូចនេះបណ្តាលមកពីការដ្ឋានសំណង់កំពុងសាងសង់ ដែលបណ្តាលមកពីស្ទះលូ រថយន្តដឹកសម្ភារៈសំណង់ រថយន្តក្រឡុកស៊ីម៉ង់ …។ល។ លោកចៅសង្កាត់បានពិភាក្សាជាមួយម្ចាស់សំណង់ខាងលើរួចរាល់ហើយនៅពេលរាំងភ្លៀង ខាងម្ចាស់សំណង់ចេញថវិកាក្នុងការស្តារលូ ព្រមទាំងយកបេតុងមកចាក់បំពេញជង្ហុកក្រឡុកដើម្បីប្រើបណ្តោះអាសន្ន៕
មតិយោបល់