អាមេរិកៈ មានការអះអាងថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុន Yahoo បានបង្កើតនូវ Tool សម្ងាត់មួយសម្រាប់ធ្វើការស្គែន (Scan) អ៊ីម៉េលទាំងអស់ជាស្វ័យប្រវត្ត ដោយការស្គែននោះទៀតសោតគឺ ដើម្បីប្រមូលទិន្នន័យ និងផ្ដល់ទៅឲ្យទីភ្នាក់ងារសម្ងាត់អាមេរិក។
បុគ្គលិកជាន់ខ្ពស់របស់ Yahoo ចំនួន ៣រូប រួមទាំងអ្នកជំនាញ ៤រូបផ្សេងទៀត បានអះអាងប្រាប់ Reuters ថា ក្រុមហ៊ុន Yahoo បានធ្វើតាមការស្នើសុំរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក មាន NSA និង FBI ដើម្បីធ្វើការស្គែននូវរាល់អ៊ីម៉េលរបស់អ្នកប្រើប្រាស់ ក្នុងគោលដៅប្រមូលទិន្នន័យផ្សេងៗ ប៉ុន្តែមនុស្សទាំងប៉ុន្មាននាក់ខាងលើនេះ មិនបានបញ្ជាក់លម្អិតឡើយ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ គេពុំទាន់ទទួលបានសេចក្ដីបញ្ជាក់ ឬក៏ប្រតិកម្មណាមួយពី Yahoo ឡើយ ប៉ុន្តែអ្នកនាំពាក្យរបស់ Google បានអះអាងថា «យើងមិនធ្លាប់ទទួលបានការស្នើសុំណាមួយពីភ្នាក់ងារទាំងនោះឡើយ ហើយបើសិនជាមានមែន នោះយើងនឹងឆ្លើយតបទៅវិញយ៉ាងងាយថា គ្មានផ្លូវទេ»។ ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft វិញ ក៏បានអះអាងថា «យើងមិនធ្លាប់ធ្វើដូចនោះឡើយ»។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាព័ត៌មានថ្មីនោះទេ ដែលរដ្ឋាភិបាលអាមេរិក ជាពិសេសគឺទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក ស្នើសុំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Yahoo, Google, Microsoft និង Facebook ឲ្យផ្ដល់ទិន្នន័យពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ប៉ុន្តែកន្លងមកក្រុមហ៊ុនធំៗទាំងនេះ តែងតែអះអាងថា ខ្លួនមិនបានធ្វើដូច្នោះទេ៕

មតិយោបល់