ព្រះវិហារៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនពីបទរក្សាទុក និងចែក ចាយនូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនចំនួន២២កញ្ចប់ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនខាងលើនេះ មានឈ្មោះ កៅ សុង ហៅចឹក ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកបានបន្តថា ការឃាត់ខ្លួននេះគឺធ្វើទៅបានដោយមានការ សហការដ៏ល្អរបស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្តដឹកនាំដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋាន បានធ្វើការតាមដាននូវសកម្មភាព របស់ជនសង្ស័យខាងលើជាយូរមកហើយ។ ជាក់ស្តែងការបង្ក្រាបនេះ សមត្ថកិច្ចធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២២កញ្ចប់, ថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់ ចំនួន១៨គ្រាប់, ទូរស័ព្ទ ចំនួន០១គ្រឿង, លុយខ្មែរ ៧០,០០០រៀល និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
មតិយោបល់