តាកែវៈ លោក សាន់ លន់ ដែលមានជំងឺពិការភាពពីកំណើត ស្វិតភ្នែក ស្វិតជើង ត្រូវជាកូនលោកយាយ ខាន់ តៅ ជនចាស់ជរាមានជំងឺដើរមិនរួចរស់នៅក្រោមដំបូលខ្ទមរហែកធ្លុះធ្លាយហើយត្រូវបានសប្បុរសជនអាណិតអាសូរជួយសង្រ្គោះនោះ ឥឡូវបានលាចាកលោកទៅហើយ កាលពីវេលាម៉ោង ១២និង៣០នាទីយប់ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៤៨ឆ្នាំ ដោយរោគគាពាធ។
សូមរំឭកថា លោកសាន់ លន់ និងលោកយាយ ខាន់ តៅ(ម្តាយកូន) មានជីវភាពក្រលំបាកនិងមានជំងឺប្រចាំកាយ ជាទម្ងន់រស់នៅក្រោមដំបូលខ្ទមរហែកធ្លុះធ្លាយស្ថិតក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ក្រោមដំបូលខ្ទមដ៏ធ្លុះធ្លាយទឹកភ្នែកលោកយាយ ខាន់ តៅ តែងតែហូរស្រក់ដោយមិនដឹងខ្លួនហាក់ដូចមនុស្សគ្មានវិញ្ញណរង់ចាំតែមជ្ឈឃាតមកផ្តាច់យកសង្ខារ។ ពេលលំបាកខ្លាំងម្តងៗលោកយាយតែងតែបញ្ចេញសម្លេងឮខ្សាវៗប្រាប់កូនប្រុសពិការថា« យើងទាំងពីនាក់តើថ្ងៃណាបានស្លាប់? ក្រលំបាកនិងជំងឺពិការដើរមិនរួចទាំងខ្លួនឯង ទាំងកូនប្រុស! ឱទេវតាលោកអើយ!. ។
ភាពទុរគតជនរបស់លោកយាយនិងកូនប្រុសពិការត្រូវបានអ្នកជិតខាងថតរូបបង្ហោះតាមប្រពន្ធ័ហ្វេសប៊ុកធ្វើឲ្យសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានអារម្មណ៍ ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង និងបានបញ្ជាឲ្យក្រុមការងាចុះទៅជួយសង្រ្គោះជាបន្ទាន់ ហើយបន្តបន្ទាប់មកក៏មានសប្បុរសជន បានជួយឧបត្ថម្ភជាសម្ភារៈ គ្រឿងបរិភោគនិងថវិកាមួយចំនួន ធ្វើឲ្យជីវិតទុរគតគ្រួសារលោកយាយបានប្រសើរឡើងវិញ រស់នៅក្រោមដំបូលផ្ទះល្អប្រណិតដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានអណ្តូងទឹកស្អាតរបស់ កញ្ញា វ៉ែន ចរិយា ប្រើប្រាស់ជារួម។ ប៉ុន្តែតែជាអកុសល ពេលនេះកូនប្រុសរបស់លោកយាយ បានទទួលមរណភាពទៅហើយ ។
ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឲ្យលោកយាយខាន់ តៅ លើកដៃទាំងពីរសំពះអញ្ជើញ ញាតិមិត្តសប្បុរសជនពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយឧបត្ថម្ភដល់លោកយាយ បានធ្វើបុណ្យសពឲ្យកូនប្រុសបានតាមប្រពៃណីផង៕
មតិយោបល់