ព័ត៌មានជាតិ

សុខៗ​ រត់ចូលភូមិគ្រឹះនាយករដ្ឋមន្រ្តី​ ត្រូវក្រុមអង្គរក្សក្របួចជាប់

ភ្នំពេញៈ បុរសរត់ម៉ូតូឌុបបែកថ្នាំម្នាក់លាក់អំពូលភ្លើង LED ១ដើមជាមួយនឹងទឹកមុខចំឡែកស្លេកស្លាំង ត្រូវអង្គរក្សសម្ដេចនឹងប៉ូលិសចាប់យកទៅសួរនាំ ខណៈជិះម៉ូតូទៅឈប់មុខផ្ទះសម្ដេច ហើយស្រែកឡូឡាឲ្យសម្ដេចជួយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅមុខភូមិគ្រិះរបស់សម្ដេច សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចខណ្ឌដូនពេញ និងកងអង្គរក្សបានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងតែអង្គុយយាមនៅទល់មុខផ្ទះសម្ដេច ស្រាប់តែប្រទះឃើញបុរសម្នាក់ជិះម៉ូតូមកដល់មុខផ្ទះសម្ដេច រួចស្រែកឲ្យពួកគាត់ជួយ នៅពេលដែលអង្គរក្ស និងប៉ូលិសសាកសួរទើបដឹងថាបុរសរត់ម៉ូតូឌុបម្នាក់នោះបែកថ្នាំ បន្ទាប់មកប៉ូលិសនាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចតុមុខ ហើយបុរសម្នាក់នោះបានប្រកែកថា ខ្លួនមិនបានបែកថ្នាំនោះទេ គឺមានគេតាមប្លន់គាត់យកពេជ្រពីខ្លួន ដែលមានចំនួនដល់ទៅ៤៨គ្រាប់ ដោយពេជ្រនោះ គឺជាអំពូលភ្លើង ដែលគាត់បានរើសមកពីក្រោមដើមឈើនៅឧទ្យានក្បែរវិមានឯករាជ្យនោះឯង។

តាមសម្ដីរបស់បុរសអ្នករត់ម៉ូតូឌុបបែកថ្នាំបាននិយាយថា គាត់ឈ្មោះ ជា សុខ មុខរបរជាអ្នករត់ម៉ូតូឌុប ដែលកំពុងតែហៅម៉ូយនៅតាមដងវិថីព្រះសីហនុ ហើយគាត់បានជិះម៉ូតូរួចយកអំពូលភ្លើងលាក់ក្នុងខ្លួន ស្រាប់តែមានគេដេញតាមគាត់ ហើយគាត់គិតថា អំពូលភ្លើងLED នោះ គឺជាពេជ្រ បើសិនជាអំពូល LED នោះ មិនមែនជាពេជ្រនោះទេ ហេតុអីបានជាគេដេញតាមគាត់រហូត? ហេតុអ្វីបានជាមានអ្នកដេញចាប់គាត់ចង់បានយ៉ាងនេះ?

បន្ទាប់មកគាត់បានបន្តទៀតថា ពេជ្រទាំងនោះជារបស់គាត់ ព្រោះគាត់បានរាប់ចំនួនគ្រាប់អំពូលភ្លើងទាំងនោះរួចហើយ ទាំងអស់មានចំនួនដល់ទៅ៤៨គ្រាប់ជាគ្រាប់ពេជ្ររបស់គាត់តែម្នាក់គត់ គ្មាននរណាអាចយកវាចេញពីគាត់បានទេ។

ប៉ូលិសបានឲ្យបុរសម្នាក់នោះស្ដោះទឹកមាត់ ដើម្បីបញ្ជាក់ថា គាត់មិនបានបែកថ្នាំនោះទេតែបុរសម្នាក់នោះស្ដោះមិនចេញសោះ ព្រោះគាត់បាននិយាយថា គេដេញចាប់គាត់ហើយគាត់បានរើខ្លួនខ្លាំងពេក ទើបគ្មានទឹកមាត់ស្ដោះ គួរបញ្ចាក់ថា នៅពេលដែលអង្គរក្ស និងប៉ូលិសឃាត់ខ្លួនគាត់នោះ ហើយដកអំពូលនោះចេញពីខ្លួន តែបុរសម្នាក់នោះស្រែកថា ប៉ូលិសនិងអង្គរក្ស គឺជាចោរ ព្រោះពួកគាត់បានដកហូតយកអំពូលភ្លើង LED ដែលជាត្បូងពេជ្រទាំង៤៨គ្រាប់របស់គាត់។

ក្រោយពេលកើតហេតុ បុរសបែកថ្នាំម្នាក់នោះ ត្រូវប៉ូលិសឃាត់ខ្លួនទុកបណ្ដោះអាសន្ននៅបុស្ដិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសាកសួរ នឹងធ្វើការអប់រំ៕

https://youtu.be/OS6JtLGmk5c

មតិយោបល់