ព័ត៌មានជាតិ

មេធាវី ជូង ជូងី ត្រូវជនជាប់ចោទបដិសេធចោល និងពឹងមេធាវីថ្មី ដោយយល់ថា លោកជាមេធាវីរបស់បក្សប្រឆាំង

ភ្នំពេញៈ នៅក្នុងសវនាការនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលាដំបូងរាជធានីភ្នំពេញ មានរឿងគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តមួយដែលបានកើតឡើងដោយមានជនជាប់ចោទចំនួន១០នាក់ ដែលរងការចោទប្រកាន់ថា បានចូលរួមគំនិតក្បត់ជាតិ ហើយត្រូវតុលាការបើកការជំនុំជម្រះទោសនៅព្រឹកនេះ បានបដិសេធឈប់ទទួលយកលោក ជូង ជូងី ជាមេធាវីដែលតុលាការចាត់តាំងឱ្យការពារសិទ្ធិពួកគេតទៅទៀតហើយ ដោយពួកគាត់បានបញ្ជាក់ពីមូលហេតុមួយចំនួនដូចជា៖

១.លោក ជូង ជូងី ជាមេធាវីការពារសិទ្ធិឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ដូច្នេះលោកគ្មានភាពឯករាជ្យទេ ពួកគេត្រូវការឱ្យតុលាការចាត់តាំងមេធាវីដែលឯករាជ្យពីនយោបាយ។

២.ពួកគេបានទទួលការពន្យល់ពីលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉ ដែលត្រូវជាប់ឃុំ ដោយសារប្រព្រឹត្តអំពើពុករលួយថាមានតែសម្តេចតេជោ ហ៊ុន សែន ដែលស្រលាញ់ប្រទេសកម្ពុជាពិតប្រាកដ ហើយមានតែសម្តេចទេ ដែលអាចជួយប្រទេសកម្ពុជាបាន។

៣.ពួកគេចង់ឱ្យតុលាការ និងមេធាវីថ្មីជួយពួកគេបានចេញទៅវិញ ដើម្បីចូលរួមបម្រើជាតិមាតុភូមិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ឆ្លើយតបទៅនឹងការស្នើសុំ មេធាវីការពារសិទ្ធិថ្មី ពីសំណាក់កូនក្តីនាព្រឹកនេះ លោកមេធាវី ជូង ជូងី បានថ្លែងនៅក្នុងអង្គសវនាការថា រូបលោកពិតជាត្រេកអរចំពោះការបញ្ចប់ការពឹងពាក់រូបលោកឱ្យការពារសិទ្ធិនេះ ហើយលោកសុខចិត្តដកខ្លួនតាមសំណូមពរ ដោយលោកយល់ថា អាចនឹងរួចផុតពីការទទួលខុសត្រូវផងដែរ។ លោកមេធាវីរូបនេះ ក៏បានសំណូមពរឱ្យតុលាការពិនិត្យ និងបញ្ជូនរបាយការណ៍ទៅឱ្យក្រសួងមហាផ្ទៃផងដែរ។

ពាក់ព័ន្ធទៅនឹងរឿងអ្នកនយោបាយនៅក្នុងពន្ធធនាគារ ព្យាយាមបញ្ចុះបញ្ចូលក្រុមកូនក្តីរបស់លោកឱ្យបដិសេធរូបលោកចោលនេះ លោកយល់ថា វាអាចពាក់ព័ន្ធនឹងរឿងនយោបាយផងដែរ។ លោក ជូង ជូងី បានអះអាងបន្ថែមថា ការជ្រៀតជ្រែករបស់អ្នកនយោបាយ ដោយសំដៅលើលោក ស៊ុត ឌីណា ជាជនជាប់ឃុំដែរនោះ វាអាចនឹងជះឥទ្ធិពលអាក្រក់ទៅលើវិស័យយុត្តិធម៌ និងសេចក្តីសម្រេចចិត្តរបស់តុលាការផងដែរ។

សូមបញ្ជាក់ថា ជនជាប់ចោទនៃសំណុំរឿងនេះមានចំនួន ១១នាក់ រួមមាន៖

ទី១. ឈ្មោះ សម សេរី ភេទប្រុស ទី២. ឈ្មោះ ឈុន ឆាត ភេទប្រុស ទី៣.ឈ្មោះ ឡាក់ លីហេង ភេទប្រុស ទី៤. ឈ្មោះ លីវ យី ភេទប្រុស ទី៥. ឈ្មោះ ច្រាញ់ ប៉ុច ភេទប្រុស ទី៦. ឈ្មោះ ឃុន ណាគង់ ភេទប្រុស ទី៧. ឈ្មោះ ឆាយ វ៉ិត ភេទប្រុស ទី៨. ឈ្មោះ អាន ចាន់ ភេទប្រុស ទី៩. ឈ្មោះ ច័ន្ទ ស្នា ភេទប្រុស ទី១០. ឈ្មោះ ប៉ែន ចាន់រ៉ា ភេទប្រុស ទី១១. ឈ្មោះ ឈឹម ស្មាក់ ភេទប្រុស។

ជនជាប់ចោទទាំងអស់ត្រូវបានលោក ស្រី ម៉ាកនី តំណាងអយ្យការចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើក្បត់ និងរួមគំនិតក្បត់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៤ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ទោះជាយ៉ាងណាសំណុំរឿងនេះត្រូវបានលោក សាន សុផាត ធានក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លើកពេលទៅបន្តសវនាការនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ខាងមុខវិញ៕

https://youtu.be/Vq6ccm5AVRs

មតិយោបល់