មណ្ឌលគិរីៈ ព្រះកេស និងដៃដែលមានកាន់ដំបងជ័យ របស់រូបសំណាកលោកតា ស្រុះ លើភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី ត្រូវបានដាច់ធ្លាក់ចេញពីព្រះកាយដល់កម្រាលដី ដោយសារក្រុមទមិឡវាយបំបាក់។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្លាប់មកគោរពបូជានៅទីនោះកាលពីព្រឹកថ្ងៃទី៧ ខែតុលា នេះ។
ក្រោយឃើញហេតុការណ៍នេះភ្លាម លោកយាយម្នាក់ ដែលជាអ្នកនៅចាំបោសសម្អាតទីនោះបានរាយការណ៍ ទៅដល់សមត្ថកិច្ចភ្លាមៗ ដើម្បីឲ្យចុះមកពិនិត្យមើលនៅន្លែងកើតហេតុ។
បន្ទាប់ពីចុះទៅដល់កន្លែងកើតហេតុ មន្រ្តីនគរបាលមូលដ្ឋានស្រុកមិនទាន់បានបញ្ជាក់ប្រាប់ដល់អ្នកយកព័ត៌មានបានទេ ដោយសារស្ថិតនៅក្នុងការតាមដានលើវត្ថុតាងបែកបាក់ ដើម្បីយកមកពិសោធន៍ នឹងកំណត់សញ្ញាក្រុមជនអត់សាសនាទាំងនោះយកមកចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា រូបសំណាកលោកតា ស្រុះ ត្រូវបានអ្នកភូមិនៅទីនោះរួមគ្នាកសាងជាយូរណាស់មកហើយ ដើម្បីទុកជាសក្ការៈរបស់អ្នកភូមិ និងអ្នកមកពីទីជិតឆ្ងាយ ដែលមានជំនឿលើរូបលោកតាស្រុះតៗគ្នាមកនោះ៕




មតិយោបល់