ភ្នំពេញៈ ជ្រូកក្រហមប្រមាណជាង២០០ក្បាល ដែលសម្បូរដោយសារជាតិថ្នាំគីមី ដឹកយកមកពីថៃ ឆ្លងដែនចូលកម្ពុជា ត្រូវបានមន្រ្តីបសុពេទ្យរាជធានីភ្នំពេញឆ្មក់ស្ទាក់ចាប់បាន កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខវត្តអន្លង់ក្ងាន ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីបសុពេទ្យបានឲ្យដឹងថា សត្វជ្រូកចំនួន២១០ក្បាល ត្រូវបង្ក្រាបបាន ហើយជ្រូកទាំងនេះ បានដឹកឆ្លងដែនមកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកឡែមខេត្តបាត់ដំបងដោយក្រុមហ៊ុន សុខ សារិទ្ធ មានជ័យ របស់លោកឧកញ៉ា ជឹម សុខ ដឹកយកមកធ្វើអាជីវកម្មកាប់សាច់លក់។
លោក យ៉ាន់ ពៅ ប្រធានការិយាល័យពេទ្យសត្វរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយការត្រួតពិនិត្យក្រុមហ៊ុននេះ មានលិខិតអនុញាតឲ្យធ្វើអាជីវកម្ម តែដឹកខុសគោលដៅ គឺក្នុងឯកសារតម្រូវឲ្យដឹកទៅកាន់ខេត្តស្វាយរៀង ប៉ុន្តែបែរជាដឹកមកដាក់នៅក្នុងទីតាំងសិប្បកម្ម មួយក្នុងរាជធានីភ្នំពេញទៅវិញ ហើយនិងខុសយានយន្តដឹកជញ្ជូន និងខុសចំនួនសត្វជ្រូកកំណត់ ត្រូវដឹកចំនួន២០០ក្បាល តែដឹកលើសចំនួន១០ក្បាល។
លោកបានឲ្យដឹងទៀតថា ភាគីខាងតំណាងម្ចាស់ជ្រូក បានកំពុងរត់ការទៅថ្នាក់លើ ប៉ុន្តែ លោកបានទទួលបញ្ជាមកថា សត្វជ្រូកទាំងនេះ នឹងត្រូវបញ្ជូនឲ្យត្រឡប់ទៅចំណុចដើមវិញ ដើម្បីត្រួតពិនិត្យសុខភាពឡើងវិញ មុនដឹកឆ្លងចូលមកក្នុងរាជធានីភ្នំពេញ៕
មតិយោបល់