ភ្នំពេញៈ ចាប់តាំងពីម៉ោង៧ព្រឹករហូត៣រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនបង់ប្រាក់ នៃក្រសួងសុខាភិបាល ដែលមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយមន្ទីរពេទ្យព្រះកុសុមៈមន្ទីរពេទ្យកុមារជាតិ មន្ទីរព្រះអង្គឌួង អាជ្ញាធរខណ្ឌទួលគោក។ លើកនេះជាលើកទី៤ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាទឹកល្អក់ ផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានចំនួនប្រជាពលរដ្ឋសរុប១៣០០នាក់ មកទទួលសេវាកម្មពិនិត្យ និងព្យាបាលជំងឺមិនបង់ប្រាក់។
យោងតាមសម្ដីប្រជាពលរដ្ឋជាច្រើនបានប្រាប់ឲ្យដឹងថា ពួកគាត់ទទួលបានដំណឹងតាមរយៈចែកលិខិតពីមេភូមិ និងមានអ្នកជិតខាងប្រាប់ថា ទៅពិនិត្យនិងព្យាបាលមិនបង់ប្រាក់ ។ ក្រោយពីមកដល់ទីតាំងសាលាបឋមសិក្សាទឹកល្អក់ ជាកន្លែងក្រុមការងារ មានអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យទាំង៣ អាជ្ញាធរសង្កាត់ ខណ្ឌប្រជាការពារ នរគបាល មានការយកចិត្តទុកដាក់ សាកសួរដើម្បីណែនាំ បង្ហាញភាពងាយស្រួលក្នុងការទៅរកកន្លែងពិនិត្យនិងបើកថ្នាំយកទៅលេប។
ប្រភពបានបន្តទៀតថា ខាងក្រុមការងារមិនប្រកាន់ថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ ឬខណ្ឌដែលបារព្ធកម្មវិធីនេះទេ គឺឲ្យតែឮមកដល់កន្លែងហើយមានជំងឺ ខាងក្រុមការងារជួយជូនទាល់តែទទួលបានការពិនិត្យនិងទទួលថ្នាំ ដោយឡែកខាងមន្ទីរពេទ្យព្រះកុសុមៈ មានទទួលពិនិត្យនិងព្យាបាលជំងឺថ្លើមប្រភេទសេដោយមិនបង់ប្រាក់ផងដែរ។
ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ឲ្យដឹងថា ខាងយើងមានរថយន្តទៅដឹកអ្នកជំងឺនៅក្នុងមូលដ្ឋានដែលយើងរៀបចំកម្មវិធីដោយគាត់ចាស់ជរាមិនអាចធ្វើដំណើរមកបាននិងគ្មានអ្នកជួយជូនមកទទួលសេវាកម្មរបស់ក្រសួងសុខាភិបាលបានដាក់ជួយខណ្ឌទួលគោកនេះ។
លោក ច័ន្ទ ហៃ ចៅសង្កាត់ទឹកល្អក់៣ បានប្រាប់ឲ្យដឹងថា មុនថ្ងៃពិនិត្យនិងព្យាបាលជំងឺលោកឲ្យមេភូមិផ្សព្វផ្សាយជូនពលរដ្ឋក្នុងមូលដ្ឋានអញ្ចើញចូលរួមឲ្យគ្រប់ៗគ្នាក៏ដូច អញ្ចើញចុះឈ្មោះបោះឆ្នោតដើម្បីធ្វើចូលរួមបោះឆ្នោតជ្រើសរើសភូមិឃុំនាពេលខាងមុខផងដែរ។
ចំពោះកម្មវិធីពិនិត្យនិងព្យាបាលជំងឺមិនបង់ប្រាក់របស់ក្រសួងសុខាភិបាល នូវមានចំនួន៦លើកទៀត ដោយមានកាលកំណត់រយៈពេល១៤ថ្ងៃម្តង៕
មតិយោបល់