ព័ត៌មានជាតិ

ឆ្នោតវៀតណាម ជ្រកក្រោមអាជីវកម្មឆ្នោតខ្មែរយ៉ាងត្រជាក់ល្ហឹម

ភ្នំពេញៈ បន្ទាប់ពីលោក នុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ ចុះបង្ក្រាបទីតាំងឆ្នោតខ្មែរ ដែលមានច្បាប់ពីក្រសួងសេដ្ឋកិច្ច និងហេរញ្ញិវត្ថុ ក្រសួងមហាផ្ទៃ រួមជាមួយសាលារាជធានីភ្នំពេញរួមមក ហើយបានប្រគល់អ្នកកត់កន្ទុយលេខ និងមេកន្ទុយលេខនោះ ទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីច្បាប់ ក្រោយមកក៏មានការដោះលែង ហើយបិតបាំងព័ត៌មានអំពីអត្តសញ្ញាណមេកន្ទុយលេខ។

យោងទៅតាមលិខិតអនុញ្ញាតធ្វើអាជីវកម្មឆ្នោតសន្លឹក និងឆ្នោតកោសរបស់ក្រសួងដោយទទួលស្គាល់ត្រឹមត្រូវ និងស្របច្បាប់ ប៉ុន្តែអ្នកយល់អំពីច្បាប់បានឆ្លៀតឱកាសដូចត្រីងៀតឆ្លៀតពងនារដូវវស្សា ហើយនិងមានការចូលរួមពីសមត្ថកិច្ចផងនោះ ទើបទីតាំងកត់កន្ទុយលេខរីករាលដាលពេញរាជធានីភ្នំពេញ ដោយជ្រកក្រោមម្លប់ឆ្នោតខ្មែរមានច្បាប់ត្រឹមត្រូវ។

លក្ខណៈខុសប្លែកពីគ្នារវាងឆ្នោតខ្មែរ និងកន្ទុយលេខ មានដូចជា ១. ឆ្នោតខ្មែរ ជាឆ្នោតសន្លឹក និងឆ្នោតកោស ដោយកំណត់តម្លៃពីក្រុមហ៊ុន ដែលមានលេខរៀងពី០១ទៅដល់លេខ ដែលក្រុមហ៊ុនកំណត់ និងប្រាក់រង្វាន់ធំ ប្រាក់រង្វាន់តាមខ្ទង់ ប្រាក់រង្វាន់លួងចិត្តផងដែរ ហើយវាមិនខុសពីឆ្នោតវៀតណាម ដែលមានលក់តាមហាងកាហ្វេ គុយទាវផ្សេងៗក្នុងរាជធានីភ្នំពេញ រង្វាន់ធំមានចំនួនទឹកប្រាក់រហូតដល់៧ម៉ឺនដុល្លារសហរដ្ឋអាមេរិកដោយចំណាយទិញក្នុង១សន្លឹកតម្លៃ២៥០០រៀលលុយខ្មែរ។ ២.កន្ទុយលេខវិញ គឺមានភាពខុសគ្នាពីឆ្នោតសន្លឹក និងឆ្នោតកោស ដោយមានអ្នកចាក់លេខតាមខ្លួនស្រឡាញ់ តាមតំបន់ តាមហាងកាហ្វេ គុយទាវ ដោយអ្នកផ្សងសំណាងយល់សប់យល់សូង យល់សប់ឃើញដូងបេះបានទាំងផ្លែ យល់សប់ឃើញខែ ខែពេញបរមី យល់សប់ឃើញស្រីស្អាតយកលុយឲ្យរាល់ថ្ងៃ។ ហើយកន្ទុយលេខនេះ អ្នកផ្សងសំណាងអាចភ្នាល់ ចាប់ពីទឹកប្រាក់ ពី១០០រៀលឡើងទៅដល់ខ្ទង់សែនរៀល ឬក៏អ្នកផ្សងសំណាងអាចភ្នាល់ជាដុល្លារឡើងទៅ…។ល។ ទៅតាមការលោភលន់របស់អ្នកផ្សងសំណាង តែជាលទ្ធិផលកន្លែងកត់កន្ទុយលេខមួយកន្លែងអាចប្រមូលលុយពីអ្នកផ្សងសំណាងបានមួយថ្ងៃចាប់ពី៥០ម៉ឺនឡើងទៅដល់ចំណុចមួយមិនប្រាកដ តើ១រយកន្លែងក្នុងមួយខណ្ឌលុយដែលប្រមូលមានចំនួនប៉ុន្មានទៅ?

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងខណ្ឌ៧មករា មានទីតាំងឆ្នោតខ្មែរ និង កន្ទុយលេខវៀតណាម តាមចំណុចមួយចំនួនដូចជា ក្បែរអាហារដ្ឋានឌុយម៉ិច៥០ ផ្ទះលក់ស្បែកជើងខាងក្រោយភោជនីយដ្ឋានថ្មដា ផ្ទះចែលីនៅក្នុងសង្កាត់មនោរម្យ ផ្សារសេរីភាព តាមដឿងហែមជុំវិញផ្សារអូរឫស្សីម្តុំបិតតែមម៉ូតូ…។ល។

ប្រជាពលរដ្ឋបានរិះគន់ថា មកទល់នាពេលនេះរាល់ល្បែងស៊ីសងនៅក្នុងខណ្ឌ៧ មករា សប្បាយបើកចំហ គ្មានអាជ្ញាធរសង្កាត់/ខណ្ឌ ចុះពិនិត្យមើល ដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះឡើយ ទើបបណ្តាលឲ្យមានអំពើហឹង្សា ចោរឆក់ ចោរលួច ចោរប្លន់ និង គ្រឿងញៀនពាសពេញមូលដ្ឋាន បង្កភាពអសន្តិសុខ បង្កភាពភ័យខ្លាចដល់ពលរដ្ឋ មានការព្រួយបារម្ភនិងគ្មានទំនុកចិត្តលើរាជរដ្ឋាភិបាល ពីព្រោះទាល់តែមានបញ្ជា ឬការរិះគន់ទើបគាត់ក្រោកពីដេកទៅធ្វើការ៕

photo_2016-10-11_13-50-54photo_2016-10-11_13-50-07photo_2016-10-11_13-50-10photo_2016-10-11_13-50-12photo_2016-10-11_13-50-23photo_2016-10-11_13-50-27photo_2016-10-11_13-50-29photo_2016-10-11_13-50-31

មតិយោបល់