ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ចិន​១៩​នាក់ ​​ពីបទ​លួច​បើក​កា​ស៊ីណូ​តាម​ប្រព័ន្ធអ៊ិន​ធើណែ​ត

សៀមរាបៈ ជនជាតិចិនប្រុស-ស្រីចំនួន១៩នាក់ ពាក់ព័ន្ធករណីលួចបើកកាស៊ីណូ តាមប្រព័ន្ធអ៊ិនធើណែត ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ ស្នងការដ្ឋានខេត្តសៀមរាប ក្រោមការដឹកនាំរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ ជា គឹមសាន ស្នងការរងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី១១នេះថា ដោយមានការស៊ើបអង្កេតយ៉ាងល្អ របស់កម្លាំងនគរបាលអន្តោប្រវេសន៍ ទើបអាចឈានទៅរកការឃាត់ខ្លួនជនសង្ស័យជនជាតិចិនប្រុស.ស្រីចំនួន១៩នាក់ នៅតាមគោលដៅចំនួន២កន្លែងផ្សេងៗគ្នា ក្នុងក្រុងសៀមរាប។ គោលដៅទី១ នៅផ្ទះសំណាក់យីហោ “ស៊ានហួធៀន” និងទី២នៅបុរីអាត់ខេន ចំនួន២ល្វែង។

លោកបន្តថា ករណីនេះ សមត្ថកិច្ចនៅមិនទាន់ដឹងថា ជនជាតិចិនទាំងនេះមកកាន់ប្រទេសកម្ពុជាតាមច្រកណានោះទេ កំពុងសួរនាំសិន។ លោកបន្ថែមទៀតថា ជនសង្ស័យជនជាតិចិនទាំងនេះជាប់ពាក់ព័ន្ធនឹងការបើកលេងល្បែងហ្គេមតាមអ៊ិនធើណែត ប្រហាក់ប្រហែលគ្នានឹងល្បែងកាស៊ីណូដែរ។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត។

បច្ចុប្បន្ននេះ នៅមិនទាន់បានដឹងពីទំហំនៃការដកហូតវត្ថុតាងរបស់ជនសង្ស័យនៅឡើយទេ ដោយសារសមត្ថកិច្ចកំពុងប្រតិបត្តិការស៊ើបអង្កេតសិន។ ទោះជាយ៉ាងនេះក្តី ការបើកលេងល្បែងកាស៊ីណូតាមប្រព័ន្ធអ៊ិនធើណែត នៅក្នុងក្រុងសៀមរាប ពីសំណាក់ជនបរទេសនោះ គេនៅមិនទាន់ដឹងថា មានប៉ុន្មានកន្លែងទៀតនោះទេ៕

photo_2016-10-11_17-19-05photo_2016-10-11_17-18-50photo_2016-10-11_17-18-51photo_2016-10-11_17-19-01photo_2016-10-11_17-19-03

មតិយោបល់