ភ្នំពេញៈ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ខាងមុខ។
យោងតាមដីកាកោះហៅចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ របស់លោក សៀង សុខ បានតម្រូវឱ្យលោក សម រង្ស៊ី ចូលខ្លួនក្នុងនាមជាជនសង្ស័យ ដើម្បីឱ្យតំណាងអយ្យការសាកសួរពីដំណើររឿងញុះញង់ បង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅបរទេសនោះកំពុងមានសំណុំរឿង ជាច្រើននៅក្នុងកណ្តាប់ដៃតុលាការក្រុងភ្នំពេញ ដោយមានសំណុំរឿងខ្លះចូលជាស្ថាពរ ខ្លះកំពុងបន្តប្តឹងឧទ្ទរណ៍ និងតុលាការកំពូលប្រឆាំងសាលាក្រមតុលាការជាន់ទាប និងសំណុំរឿងខ្លះទៀតកំពុងត្រូវបានតុលាការជាន់ទាបកំពុងតែចាត់ការបណ្តើរៗ ហាក់មិនចេះចប់នៅឡើយ៕
មតិយោបល់