(Reuters) - អ្នកយកព័ត៌មានប្រចាំតំបន់របស់ទូរទស្សន៍ CBS បានសរសេរលើបណ្តាញសង្គម Twitter ថា កាលពីថ្ងៃអាទិត្យ មេបញ្ជាការនគរបាលក្នុងតំបន់បាននិយាយថា មនុស្សប្រមាណ ២០នាក់បានរងរបួស និងយ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ នៅពេលដែលរថយន្តប្រភេទ SUV មួយគ្រឿងបានបើកបុកចូលក្បួនដង្ហែបុណ្យណូអែលដែលមានមនុស្សច្រើនកុះកុរនៅទីក្រុង Waukesha រដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក ។
មេបញ្ជាការនគរបាលទីក្រុង Waukesha លោក Dan Thompson បាននិយាយថា រថយន្តជនសង្ស័យត្រូវបានរកឃើញ និងមិនបានបង្កការគំរាមកំហែងអ្វីទៀតឡើយ បន្ទាប់ពីឧបទ្ទវហេតុនៅទីក្រុង Waukesha ដែលមានចម្ងាយប្រហែល ៣២គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Milwaukee ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សនៅក្បែរទីក្រុង Waukesha ត្រូវបានស្នើសុំ
ឲ្យនៅមួយកន្លែង។ ហើយសាកលវិទ្យាល័យ Carroll ដែលនៅក្បែរនោះបានសរសេរលើបណ្តាញសង្គម Twitter ថា “ទីក្រុង Waukesha ត្រូវបានបិទខ្ទប់ដោយសារតែឧបទ្ទវហេតុដែលកំពុងកើតឡើងនោះ ។ សូមរក្សាសុវត្ថិភាព និងស្ថិតនៅទីកន្លែងស្នាក់នៅរបស់អ្នករហូតដល់មានការជូនដំណឹងបន្ថែម” ។
លោក Thompson បានប្រាប់អ្នកយកព័ត៌មានថា “រថយន្តប្រភេទ SUV ពណ៌ក្រហមបានបើកបុកចូលទៅក្នុងក្បួនដង្ហែបុណ្យណូអែលរបស់យើង ដែលកំពុងប្រារព្ធនៅទីប្រជុំជន។ និងមានមនុស្សប្រមាណ ២០នាក់បានរងរបួសដោយសារឧបទ្ទវហេតុនេះ” ។
លោកបានបន្ថែមថា ក្រុមអាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យដែលប្រព្រឹត្តក្នុងករណីនេះហើយ ប៉ុន្តែពួកគេមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ ៕


មតិយោបល់