ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភាអូស្ត្រាលី សរសើរកម្ពុជា ជាប្រទេសមានប្រវត្តិសាស្ត្រសម្បូរបែប

ភ្នំពេញៈ ប្រធានព្រឹទ្ធសភា ប្រចាំនៅរដ្ឋ Victoria លោក Bruce Atkinson បានសរសើរកម្ពុជាថា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែប ដែលមានវប្បធម៌ល្អអស្ចារ្យ។ ប៉ុន្តែលោកបញ្ជាក់ថា ថ្ងៃនេះ មានមនុស្សដែលនៅបន្តរិះគន់រដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនាមជាអ្នកនយោបាយរបស់រដ្ឋ លោកមិនគាំទ្រខាងណានោះទេ ព្រោះកម្ពុជា មិនមែនជាប្រទេសរបស់លោក ហើយលោកមិនមានមតិយោបល់អំពីកម្ពុជាឡើយ។

ការលើកឡើងរបស់លោក Bruce Atkinson គឺនៅក្នុងពេលដែលលោកបានអញ្ជើញចូលរួមពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍មុន គ្រាដែលប្រជាពលរដ្ឋខ្មែរ ជាង៦០០នាក់ បានជួបជុំគ្នាស្វាគមន៍លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងប្រសាសន៍របស់លោក Bruce ប្រមាណជាង១១នាទី ក្នុងឱកាសនោះ ត្រូវគេឃើញថា ពុំបានលើកឡើងដូចអ្វីដែលផ្សាយបំផ្លើសលើសារព័ត៌មានមួយចំនួនថា ការដែលលោក Bruce ចូលរួមជាមួយលោក ហ៊ុន ម៉ាណែត នោះ គឺដើម្បីឆ្លៀតឱកាសបញ្ជូនសារទៅកាន់រដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យគោរពសិទ្ធិមនុស្ស និងច្បាប់ទម្លាប់ ដែលការពិត លោក Bruce បានបញ្ជាក់ថា ប្រទេសកម្ពុជា បានចំណាយពេលដ៏យូរគួរសម ដើម្បីងើបផុតពីសម័យកាលដ៏ខ្មៅងងឹតនោះ។

លោក Bruce និយាយយ៉ាងដូច្នេះ «ថ្មីៗនេះ ខ្ញុំបានធ្វើដំណើរទៅប្រទេស រ៉្វាន់ដា ហើយខ្ញុំភ្ញាក់ផ្អើលចំពោះការផ្សះផ្សាជាតិនៅទីនោះ ២០ឆ្នាំក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍នៅប្រទេសនោះ»។ លោកបន្តថា «ថ្ងៃនេះ មានមនុស្សដែលនៅបន្តរិះគន់រដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនាមជាអ្នកនយោបាយរបស់រដ្ឋ ខ្ញុំមិនគាំទ្រខាងណានោះទេ។ កម្ពុជា មិនមែនជាប្រទេសរបស់ខ្ញុំ ដូច្នេះ ខ្ញុំមិនមានមតិយោបល់អំពីកម្ពុជាទេ»

សូមជម្រាបថា ដំណើរបេកកម្មរបស់លោក ហ៊ុន ម៉ាណែត មកកាន់ប្រទេសអូស្ត្រាលី រយៈពេល៦ថ្ងៃមកនេះ គឺបានទទួលការស្វាគមន៍ភ្លូកទឹកភ្លូកដី ពិសេស គឺអាជ្ញាធរតាមតំបន់នីមួយៗ នៃប្រទេសអូស្ត្រាលី បានស្វាគមន៍ក្រុមការងារលោក ហ៊ុន ម៉ាណែត ទាំងក្នុងពិធីពិសាអាហារសាមគ្គី ក៏ដូចជាជំនួបពិភាក្សាការងារផងដែរ។ នេះគឺជាប្រសាសន៍ដើមទាំងស្រុងរបស់លោក Bruce Atkinson ដែលជាប្រធានព្រឹទ្ធសភា ប្រចាំរដ្ឋVictoria ប្រទេសអូស្ត្រាលី។

លោក ហ៊ុន ម៉ាណែត និងក្រុមការងារយុវជន នឹងបំពេញទស្សនកិច្ចនៅក្រៅប្រទេសរយៈពេល១៣ថ្ងៃ។ ដំណើរទស្សនកិច្ចនៅអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ នាពេលនេះ គឺបន្ទាប់ពីដំណើរចុងក្រោយ ដែលបានធ្វើនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីការសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រនៅក្រៅប្រទេស តាមការអញ្ជើញរបស់ប្រជាពលរដ្ឋខ្មែរ ដែលនៅក្រៅស្រុកទាំងនោះ។ ដំណើរទស្សនកិច្ចនៅអូស្ត្រាលី នឹងបញ្ចប់នៅថ្ងៃទី១៤ ខែតុលា និងបន្តទៅកាន់ប្រទេសនូវ៉ែលហ្សេឡង់ ថែមទៀត៕

bruce-atkinson-vs-hun-manet-1bruce-atkinson-vs-hun-manet-4bruce-atkinson-vs-hun-manet-2bruce-atkinson-vs-hun-manet-3bruce-atkinson-vs-hun-manet-5

មតិយោបល់