ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពីការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយលោក ស៊ីជិនភិង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ ២០១៦។
ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ លោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការការពារ បង្ការទប់ស្កាត់បទល្មើសលម្អិតសំខាន់ៗជាច្រើនដូចជា បង្ការទប់ស្កាត់ពួកអមិត្ត ក្រុមភេរវករ បទល្មើសព្រហ្មទណ្ឌ សភាពការណ៍សណ្តាប់ធ្នាប់សាធារណៈ គ្រោះថ្នាក់អគ្គីភ័យ ដែលមានគោលបំណង និង សំណូមពរ សំដៅធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ទាំងស្រុង ជូនគណៈប្រតិភូជាន់ខ្ពស់ចិន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងការពារព្រះរាជសុវត្ថិភាពថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ការពារសុវត្ថិភាពជូនសម្តេច ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្នុងពិធីបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់ប្រធានាធិបតី នៃសាធារណរដ្ឋប្រធាមានិតចិន ដើម្បីប្រមូលផ្តុំកម្លាំង សហការជាមួយកងរាជអាវុធហត្ថ កម្លាំងពាក់ព័ន្ធ កំណត់តំបន់ ការប្រើប្រាស់កម្លាំង និងសមត្ថកិច្ចទទួលខុសត្រូវ ការពារតាមគ្រប់វិធានការជំនាញ ដើម្បីធានាឲ្យដំណើរបំពេញទស្សនកិច្ច របស់គណៈប្រតិភូប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕
មតិយោបល់