ព័ត៌មានជាតិ

ឆក់កាបូបជនបរទេសបានហើយតែរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវកម្លាំងអន្តរាគមន៍ក្រុងសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ឃាត់ខ្លួន ខណៈធ្វើសកម្មភាពឆក់កាបូបជនបរទេសបានហើយតែរត់មិនរួចនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០១៦នៅក្រោយសាខាធនាគារកាណាឌីយ៉ា ក្បែរផ្សាររតនាផ្លាហ្សា ផ្លូវណតប្រ៊ីត ភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួនបានទី១មានឈ្មោះ ឈ្មោះ ព្រំ ចិន ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ខេត្តស្វាយរៀង និង ជនសង្ស័យទី២ឈ្មោះ ប៉ែន ម៉េងហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ដកហូតបានម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 1L-5646 ស្លាកលេខមិនប្រក្រតី។ ចំណែកជនជាតិចិនរងគ្រោះមានឈ្មោះ WANG LiHUi ភេទស្រី អាយុ៤២។

លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានមានប្រសាសន៍ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះម្នាក់ជាស្ត្រីជនជាតិចិនបានមកដាក់លុយនៅ ធនាគារកាណាឌីយ៉ា ចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិច រួចក៏ចេញមកវិញ ខណៈនោះស្រាប់តែមានជនសង្ស័យទាំង២នាក់ ខាងលើ បានជិះម៉ូតូមួយគ្រឿងមកឈប់រួចធ្វើសកម្មភាពឆក់យកកាបូបលុយពីជនរងគ្រោះ តែត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងអន្តរាគមន៍ របស់ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងកម្លាំងអន្តរាគមន៍របស់ខណ្ឌនិងនគរបាលប៉ុស្ត៍បាននាំគ្នាដេញតាមបង្ក្រាបបានភ្លាមៗយកបានទាំងកាបូបលុយរបស់ជនរងគ្រោះបានមកវិញដែលមានលុយនៅក្នុងកាបូបនោះចំនួនជាង១ពាន់ដុល្លារ។

ក្រោយពីសាកសួររួចមក លោកអធិការបានឲ្យដឹងថា ក្រុមជនសង្ស័យ អាចជាមុខសញ្ញាសកម្ម ក្នុងការប្រព្រឹត្តបទល្មើស ឆក់ ប្លន់ បែបនេះជាច្រើនករណី នាពេលកន្លងមក ហើយមន្ត្រីជំនាញព្រហ្មទណ្ឌរបស់ខណ្ឌនិងស្នងការកំពុងស្រាវជ្រាវបន្ថែមយ៉ាងយកចិត្តទុក។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

បទល្មើសឆក់បទល្មើសឆក់បទល្មើសឆក់បទល្មើសឆក់បទល្មើសឆក់

មតិយោបល់