ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍ ផ្តោតទៅលើវិស័យអាទិភាពចំនួន៥

នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ របាយការណ៍ ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០១៨។

គោលបំណងនៃកិច្ចប្រជុំនេះ គឺផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃការអនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០១៤-២០១៨។ កិច្ចប្រជុំនេះ បានពិភាក្សាផ្តោតទៅលើវិស័យអាទិភាពចំនួន ៥ រួមមាន៖ ១.វិស័យអភិបាលកិច្ច, ២.វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ, ៣.ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ៤.ការអភិវឌ្ឍន៍វិស័យឯកជន និងការបង្កើនការងារ, ៥.ការអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស។

យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ២០១៤-២០១៨ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ នាខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ។ យុទ្ធសាស្ត្ររួមនេះ បានធ្វើការតម្រឹមជាមួយនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីជំរុញកំណើន បង្កើនការងារ ធានាសមធ៌ម និងប្រសិទ្ធិភាព ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលយុទ្ធសាស្ត្រទាំងពីរនេះ ជាឯកសារគោលសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រផ្សេងៗ។ ជាមួយគ្នានេះដែរ យុទ្ធសាស្ត្ររួមនេះ ក៏ជួយពង្រឹងភាពជាម្ចាស់ និងភាពដឹកនាំក្នុងកិច្ចអភិវឌ្ឍន៍ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព។ យុទ្ធសាស្ត្ររួមនេះ បានចូលរួមយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ដោយផ្អែកលើការសិក្សាវិភាគ និងបទពិសោធន៍ជារួមពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍អឺរ៉ុបនីមួយៗ ដើម្បីធានានូវប្រសិទ្ធិភាព និងសុខដុមនីយកម្ម។ យុទ្ធសាស្ត្រនេះ ក៏បានលើកកម្ពស់ និងឆ្លើយតបយ៉ាងត្រឹមត្រូវនឹងបញ្ហាប្រឈមនានាក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា។

សារៈសំខាន់នៃយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប គឺជួយសំរួលឲ្យមានភាពងាយស្រួលដល់កិច្ចពិភាក្សា និងការទំនាក់ទំនងរវាងភាគីរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធនានា។ យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបនេះ បានធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ធនធានរួមគ្នាទៅលើការវិភាគ ការតំណាង និងកម្មវិធីដែលជំរុញឲ្យមានភាពលេចធ្លោនៃការចូលរួមរបស់ដៃគូអភិវឌ្ឍន៍អឺរ៉ុប និងគោលគំនិតដែលផ្តោតលើវិស័យអាទិភាពរួមសម្រាប់កម្ពុជា។

យោងតាមតួលេខដែលបានកត់ត្រាក្នុងប្រព័ន្ធទិន្នន័យរបស់រាជរដ្ឋាភិបាល គិតរហូតដល់ចុងឆ្នាំ២០១៥ ដៃគូអភិវឌ្ឍន៍អឺរ៉ុប រួមមាន សហភាពអឺរ៉ុប ប្រទេសអឺរ៉ុប និងស្វីល បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ប្រមាណជាង ៣.៥ពាន់លានដុល្លារអាមេរិក។ ហិរញ្ញប្បទានសហប្រតិបត្តិការ ដែលបានផ្តល់កន្លងមកពិតជាបានរួមចំណែកគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍សហវត្សរ៍កម្ពុជា៕

Eco00001 Eco00002 Eco00003 Eco00004

មតិយោបល់