ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យ៣នាក់ពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងវត្ថុតាងមួយចំនួន នៅវេលាម៉ោង ១០និង៣០ព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចសំណង់មិនទាន់រៀបចំរៀបរយ ទីតាំងផ្ទះជួលគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ ជា សុភី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរជាងឈើ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ទី២ឈ្មោះ ជឿង យ៉ាង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងទី៣ឈ្មោះ ទេព សុឃន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅ ផ្ទះជួលគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ សមត្ថកិច្ចដកហូតបាន វត្ថុតាងមួយចំនួនដូចជា ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ៥កំប្លេ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង ដាវចំនួន ៧ដើម កូនកាំបិតកែច្នៃ២ ដំបងឈើពីរកំណាត់១ ដែកកេះ២ កន្រ្តៃ១ និងកូនថង់ប្លាស្ទិចមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

%e1%9f%a1-1%e1%9f%a1-2%e1%9f%a1-3%e1%9f%a1-4

មតិយោបល់