ភ្នំពេញ: ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ចំនួន ៣នាក់ ត្រូវបានកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន និងធ្វើការដកហូតបាន នូវឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ ទៀតផង នៅពេលដែលចុះធ្វើរដ្ឋបាល នៅក្នុងតំបន់មិនរៀបរយ មួយកន្លែង នៅចាក់អង្រែលើ។
ប្រតិបត្តិការណ៍នេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង០៣ និង៣០នាទី រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
មន្ត្រីនគរបាល បានប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការ ចុះធ្វើរដ្ឋបាលរបស់គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ក្រោមការដឹកនាំរបស់លោក កុល បុណ្យ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ និងកម្លាំងអាជ្ញាធរខណ្ឌ និងសង្កាត់ចាក់អង្រែលើ ជាច្រើនរូបទៀត។ ដោយសារតែ តំបន់មិនរៀបរយខាងលើ គឺជាទីកន្លែងដែលប្រមូលផ្តុំ ទៅដោយអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនោះ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ តែងតែបានចុះធ្វើរដ្ឋបាល ដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គម និងសន្តិសុខ ក្នុងមូលដ្ឋាន ផងដែរ។
ប្រភពដដែល បានបន្តទៀតថា ក្នុងប្រតិបត្តិការនេះដែរ ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួនទី១ ឈ្មោះ សេង សុភាព ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាងជាងជួសជុលរថយន្ត ទី២ ឈ្មោះ ទុយ ចាន់ផល្លា ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣ ឈ្មោះ ផាត់ តារា ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ពួកគេមានទីលំនៅ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ការឃាត់ខ្លួននេះ ខណៈពេល ដែលពួកគេប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន នៅក្នុងកន្លែង បុកប៊ីយ៉ា មួយកន្លែង នៅក្នុងភូមិខាងលើ។
ក្រោយពេល ការចុះធ្វើរដ្ឋបាល នៅក្នុងភូមិសាស្ត្រខាងលើ និងធ្វើការឃាត់ខ្លួន ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនទាំង ៣នាក់ រួមទាំងឧបករណ៍ប្រើប្រាស់ មួយចំនួន ជាវត្ថុតាងរួចហើយ ក៏បានបញ្ជូនខ្លួន ទៅធ្វើការសាកសួរ នៅនគរបាល ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់